Pages

Friday, May 6, 2011

រៀនIT​យ៉ាង​ម៉េច​​ទើប​​បាន​​ពូកែ?

យើង​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ​ថា​ជំនាញ IT ជា​ជំនាញ​មួយ​មាន​លក្ខណៈ​ពិបាក​សិក្សា​បន្តិច​ក្នុង​ចំណោម​មុខវិជ្ជា​ដទៃ​ទៀត។ ហេតុនេះ​ទើប​និស្សិត IT ទាំងអស់​គ្នា​ត្រូវ​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​ការ​សិក្សា​ដើម្បី​ចាប់​យក​ជំនាញ​នេះ ឲ្យ​ក្លាយ​ជា​អ្នក​ឯកទេស IT មួយ​រូប។
ទាក់ទង​នៅ​នឹង​ជំនាញ IT និស្សិត​ព័ត៌មានវិទ្យា​នៅ​គ្រឹះស្ថាន​ឯកជន​មួយ​និយាយ​ថា វា​ពិត​ជា​ពិបាក​ក្នុង​ចាប់​យក​ជំនាញ IT ដោយ​បាត​ដៃ​ទទេ ហើយ​អ្វី​ដែល​លោក​ជួប​ប្រទះ​ភាគច្រើន​គឺ​ទៅ​លើ​ពាក្យ​បច្ចេកទេស ព្រោះ​ថា​ជំនាញ IT មិនមែន​ផ្ដោត​ទៅ​តែ​ការ​អនុវត្តន៍​នោះ​ទេ។
ដោយ​សារ​មាន​កិច្ចការ​លំបាក​ច្រើន ម៉េង​ឃាង​បាន​រៀបរាប់​អំពី​ដំណោះ​ស្រាយ​របស់​ខ្លួន​ថា រាល់​ពេល​លោក​ស្ដាប់​ការ​ពន្យល់​របស់​គ្រូ​មិន​បាន​គេ​តែង​ទៅ​រក​ឯកសារ​បន្ថែម​នៅ​លើ​អ៊ីនធឺណិត ឬ​បណ្ណាល័យ និង​ឆ្លាត​សួរ​គ្រូ​បន្ថែម។”ពេល​ខ្លះ​សួរ​អ្នក​រៀន​ដូច​គ្នា​គេ​អត់​ដឹង​ទេ អញ្ចឹង​ក៏​ទៅ​រក​ឯកសារ​នៅ​លើ​អ៊ីនធឺណិត ហើយ​សួរ​គ្រូ​ទៀត”។
និស្សិត​ដែល​ចាប់​ផ្ដើម​ពី​ការ​មិន​ចេះ​សោះ​រូប​នេះ បាន​ប្រាប់​ពី​គន្លឹះ​របស់​ខ្លួន​ក្នុង​ចាប់​យក​ជំនាញ IT ថា គ្រប់​និស្សិត​ទាំងអស់​កំពុង​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​ត្រូវ​ចាប់​យក​ផ្នែក​មួយៗ​នៃIT​ដែល​ខ្លួន​ស្រលាញ់​ទើប​ល្អ។ ប្រសិន​បើ​យើង​ចាប់​យក​ផ្នែក​មួយៗ​ជាប់​គឺ​ជា​អំណោយ​ផល​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ក្រោយ​បញ្ចប់​ការ​សិក្សា។
ដោយ​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ថែម​ទាំង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជំនាញ IT នេះ​បាន​និយាយ​ថា “មុន​ពេល​ចូល​រៀន IT ខ្ញុំ​អត់​ដឹង​ថា IT ជា​អី​ផង…ខ្ញុំ​ចប់​ទី១២ ខ្ញុំ​អត់​ទាន់​ស្គាល់​ថា​កុំព្យូទ័រ​រាង​យ៉ាង​ម៉េច​ផង…នៅ​ពេល​រៀនIT ខ្ញុំ​អត់​ចេះ​អី​ទេ សូម្បី​តែ Hardware, Software របស់​កុំព្យូទ័រ​ទាំងអស់”។
ប៉េងសៀ​បាន​លើកឡើង​អំពី​ផែន​ការ​ក្នុង​ការ​ចាប់​យក​ជំនាញ IT ថា ដំបូង​ពេល​ចូល​រៀន​ដំបូង​លោក​មិន​មាន​កុំព្យូទ័រ​ទេ ប៉ុន្តែ​លោក​តាំង​ចិត្ត​ខ្លួន​ឯង​ថា​ប្រសិន​បើ​លោក​រៀន​មិន​ចេះ​គឺ​លោក​មិន​រៀន​ទេ បន្ទាប់​មក​ក៏​ដាក់​ចិត្ត​រៀន លោក​ក៏​ចាប់​ផ្ដើម​ទិញ​ឯកសារ​ទាក់ទង​ទៅ​នឹង​មុខ​ជំនាញ​នេះ​ទាំងអស់។
បើ​និយាយ​អំពី​ការ​ដោះ​ស្រាយ​ឧបសគ្គ​ក្នុង​ការ​សិក្សា​និស្សិត​រូប​នោះ​រំលឹក​ថា ពេល​ចូល​ក្នុង​បន្ទប់​អនុវត្តន៍​លោក​តែង​យក​រាល់​ឧបករណ៍​ទាំងអស់​មក​មើល ហើយ​សួរ​អ្នក​ចេះ​ជាង និង​ទៅ​សួរ​គ្រូ​ផ្ទាល់​តែ​ម្ដង។ អ្វី​កាន់​តែ​ពិសេស​នោះ​គឺ​លោក​តែង​តែ​បង្កើត​បញ្ហា​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​ឆ្ងល់ និង​ដោះស្រាយ។
អតីត​និស្សិតITរូប​នេះ​ក៏​មាន​ទស្សនៈ​ដែរ​ថា រាល់​អ្នក​រៀនIT ទាំងអស់​ប្រសិន​បើ​ដាក់​ចិត្ត​រៀនIT គួរ​តែ​ខំ​រៀន​ឲ្យ​ចេះ និង​គួរ​តែ​មាន​គោល​ដៅ​ច្បាស់លាស់​ថា​តើ​គួរ​តែ​ចាប់​យក​ជំនាញ​អ្វី​ក្នុង​រយៈពេល ៤ឆ្នាំ​នេះ ម្យ៉ាង​ទៀត​គួរ​តែ​មាន​លក្ខណៈ​ស្និទ្ធស្នាល​ជាមួយ​កុំព្យូទ័រ​បន្តិច។
ហើយ​អ្វី​កាន់​តែ​គួរ​ចាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​និស្សិតITនោះ​លោក​បាន​សង្កត់​ថា “ភាគ​ច្រើន​នៃ​អ្នក​រៀនIT តែ​ម្ដង​មាន​អី​តែងតែ​លាក់​គ្នា មិន​ចេះ​ចែក​រំលែក​ចំណេះ​ដឹង​ឲ្យ​គ្នា​ទេ យើង​ទាំងអស់​គ្នា​គួរ​ចេះ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ល្អ”។
“មិន​ប្រាកដ​ថា​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​មិន​អាច​រៀន IT នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា អ្នក​មាន​ឧបករណ៍​គ្រប់គ្រាន់​ឆាប់​ចាប់​បាន​ជាង​អ្នក​មិន​មាន​ឧបករណ៍ ព្រោះ​ថា​ប្រសិន​បើ​យើង​សិក្សា​មាន​តែ​គ្រឹះ​ស្ដី​តែ​ម្យ៉ាង​ក៏​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​ដែរ” អាន ប៉េងសៀ​បាន​អះអាង​យ៉ាង​ដូច​នេះ។
ដោយ​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ទៅ​លើ​ផ្នែក Network ទាំង​មូល​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ លោក អៀប ខ្លឹមសំរិទ្ធ​និយាយ​នឹង Sabay ថា វា​ពិត​ជា​មាន​ការ​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​រវាង​ពេល​កំពុង​សិក្សា និង​ពេល​ចេញ​ធ្វើ​ការ។
តាម​រយៈ​ការ​បំពេញ​ការងារ​បច្ចុប្បន្ន លោក​សំរិទ្ធ​និយាយ​ថា ដើម្បី​ឈាន​ចាប់​យក​អាជីព​ការងារ​លើ​ជំនាញ IT នេះ និស្សិតIT ទាំងអស់​គួរ​យក​ចិត្ត​ទុកដាក់​អ្វី​ដែល​គ្រូ​បាន​ពន្យល់ និង​កត់​ចំណាំ​ទុក​ដើម្បី​ស្រាវជ្រាវ​ក្នុង​អ៊ីនធឺណិត។ លោក​និយាយ​ថា​ការ​ប្រើប្រាស់​អ៊ីនធឺណិត​គឺ​ផ្នែក​មួយ​ដ៏​ចាំ​បាច់​របស់​និស្សិតIT គ្រប់​រូប។
បុគ្គលិក​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនាញIT រូប​នេះ​បាន​គូស​បញ្ជាក់​ថា ការ​សិក្សា​នៅ​សាលា​គឺ​ជា​ផ្នែក​មួយ​សម្រាប់​ឲ្យ​យល់​ដឹង​ទៅ​លើ​មុខ​ជំនាញ IT តែ​ប៉ុណ្ណោះ ដោយ​ឡែក​ក្រោយ​ពេល​យើង​ចេញ​ធ្វើ​ការ​ទើប​យើង​អាច​ដឹង​ខ្លួន​ឯង​ថា​អ្វី​ត្រូវ​យក​មក​ប្រើ​ក្នុង​ការងារ។
ក្រោយ​ពេល​បង្រៀន​ជា​ច្រើន​ឆ្នាំ​មក​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ហៅ​កាត់​ថា​សាលា​តិចណូ​មាន​ប្រសាសន៍​ថា “គេ​ចាប់​អត់​បាន ដោយ​សារ​ពី​ដំបូង​ភាគ​ច្រើន​នៃ​សិស្ស IT គេ​មិន​បាន​កំណត់​ទិសដៅ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​មិន​បាន​ដឹង​ថា​ក្រោយ​រៀន​ចប់​មិន​ដឹង​ត្រូវ​ចាប់​យក​ជំនាញ​អ្វី​ផ្នែក​ណា​នៃ IT”។
ទោះ​បី​ជា​ជំនាញ IT មាន​លក្ខណៈ​ពិបាក​ក្នុង​ការ​សិក្សា​បន្តិច​មែន ប៉ុន្តែ​សាស្ត្រាចារ្យ​រូប​នេះ​ប្រាប់​អំពី​បទពិសោធន៍​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ទៅ​លើ​ជំនាញIT ថា “យើង​ត្រូវ​កំណត់​អំពី​គោលដៅ​ថា​ត្រូវ​ចាប់​យក​ផ្នែក​ណា​មួយ​នៃ​ជំនាញ IT ហើយ​ចាំ​សង្កត់​ទៅ​លើ​វា​តែ​ម្ដង​ទើប​ល្អ”។
ក្នុង​ន័យ​លើក​ស្ទួយ​វិស័យ​ព័ត៌មានវិទ្យា​លោក​ក៏​បាន​បន្ថែម​ថា វិស័យ​ព័ត៌មានវិទ្យា​ជា​វិស័យ​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ស្ទើរ​តែ​គ្រប់​ការងារ​ទាំងអស់ ដូចនេះ IT ជា​ជំនាញ​ប្រសើរ​មួយ​ក្នុង​ការ​ជួយ​យើង​នា​ពេល​អនាគត។
ជំនាញ​ព័ត៌មានវិទ្យា​ចែកចេញជា​បួន​ផ្នែក​គឺ Networking, Web Design, Programming និង Database ហើយ​ជំនាញ​មួយៗ​សុទ្ធ​តែ​មាន​ប្រទាក់​ក្រឡា​គ្នា​សឹង​ទាំងអស់។ ដូចនេះ​និស្សិត​ទាំងអស់​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា ជំនាញ​មួយ​ណា​សមស្រប​ទៅ​នឹង​សមត្ថភាព​របស់​យើង។

No comments:

Post a Comment