Pages

Friday, May 27, 2011

គន្លឹះរៀនឲ្យពូកែ

សិស្សម្នាក់ៗតែងតែប្រាថ្នាចង់រៀនអោយពូកែឆ្លាតវៃ មានគំនិតក្នុងការគិត ប៉ិនប្រសប់ឈ្លាសវៃជាងគេ ។ ការរៀនអោយពូកែឆ្លាតមិនមែនស្ថិតនៅលើខួរក្បាលល្អទាំងស្រុងទេ សំខាន់ស្ថិតនៅលើការស្វះស្វែងរៀនសូត្រ មានគន្លឹះក្នុងរៀនសូត្រ ។ អ្នកខ្លះខំរៀនសូត្រដែរ រៀនបានច្រើនដែរ តែសន្ទុះនៃចំនេះដឹងកើនឡើងយ៉ឺត អ្នកខ្លះខំរៀនសូត្រ មិនសូវជាមានពេលវេលារៀនច្រើនទេ ប៉ុន្តែចំនេះដឹងកើនឡើងខ្ពស់លឿនជាងអ្នកដែលខំរៀន និងមានប្រាជ្ញាប្រហាក់ប្រហែលគ្នា។ តាមពិតទៅការរៀនសូត្រទូលំទូលាយណាស់ ចំនេះដឹងគ្មានដែនកំណត់ទេ រៀនពីកើតដល់ស្លាប់ទៀតក៏មិនអស់ដែរ ។ អ្វីដែលសំខាន់យើងត្រូវដឹងខ្លួនឯងថា យើងចង់រៀនអ្វី? ចង់ចេះខាងអ្វី ? ចង់មានជំនាញអ្វី ? និយាយអោយចំគឺការជ្រើសរើសរៀនតាមឧបនិស្ស័យ បន្ទាប់ពីដាក់នូវគោលដៅខ្លួនឯងរួច ទើបយើងប្រឹងប្រែងរៀនស្រាវជ្រាវអ្វីដែលយើងចង់បាន ។ ការរៀនមិនមែនទាមទារអោយរៀនចាំចេះ រហូតចាំគ្រប់តួអក្សរនៅក្នុងសៀវភៅណាមួយអោយអស់ទេ តែយើងត្រូវដឹងពីសៀវភៅហ្នឹងថា ខ្លឹមសារវាចង់និយាយពីអ្វី? មានចំនុចរួមអ្វី? មានចំនុចសំខាន់អ្វីខ្លះ? ការរៀនមិនមែនមានតែការចងចាំលើមេរៀន ឬ អត្ថបទដោយការទន្ទេញមេរៀនទេ សំខាន់យើងត្រូវយល់លើមេរៀននោះ ចេះវិភាគលើវា និងមានគន្លឹះក្នុងការរៀនផងដែរ ។ មេរៀនខ្លះការយល់លើមេរៀនអាចចេះចាំបានយូរ ជាងការទន្ទេញអោយចាំ ។
ខាងក្រោមនេះជាគោលការណ៍នៃការហ្វឹកហ្វាត់ខ្លួនឯងអោយមានទំលាប់ក្នុងការរៀនសូត្រ និង រៀនអោយពូកែ ៖
• ត្រូវមានទំលាប់ក្នុងការអានសៀវភៅ ត្រូវចាត់ទុកសៀវភៅជាមិត្តដែលកំដរយើងនៅពេលដែលយើងទំនេរ ឬ ជាបាយដោយមិនអាចខានទទួលទានមិនបាន ។ សៀវភៅជាគ្រូដែលមិនចេះនិយាយរបស់យើង ប៉ុន្តែអ៊ីនធឺណេតអាចក្លាយជាគ្រូចេះនិយាយផង និង មិនចេះនិយាយផងរបស់អ្នកបាន ។ កុំទុកពេលវេលាអោយទំនេរចោលឥតប្រយោជន៍ ត្រូវកាត់បន្ថយការនិយាយទូរស័ព្ទ មើលទូរទស្សន៍ លេងហ្គេមផ្សេងៗ ឬ និយាយលេងឥតប្រយោជន៍ ហើយក៏មិនមែនអោយមើលតែសៀវភៅ ឬ រៀនរហូតដល់ថ្នាក់ដើរឃើញស្លឹកឈើជ្រុះញញឹមទេ ត្រូវចេះបែងចែកពេលវេលាសម្រាប់ខ្លួនឯងថា ពេលណាត្រូវរៀន ពេលណាត្រូវកំសាន្តដែរ ប៉ុន្តែត្រូវឆ្លៀតពេលវេលាមើលសៀវភៅ ឬស្រាវជ្រាវមេរៀនតាមអ៊ីនធឺណេតអោយបានច្រើន ដូចពាក្យថា ទោះជាធ្វើជាត្រីងៀតក៏ត្រូវតែឆ្លៀតពងដែរ ។
• ត្រូវមានទឹកចិត្តក្លាហាន ពេលរៀន ឬ ពេលចូលរួមកម្មវិធីសិក្សាវគ្គខ្លី ឬសិក្ខាសិលាផ្សេងៗ បើមានចំងល់កុំលាក់ទុកត្រូវក្លាហានហ៊ានសួរមិនត្រូវខ្មាសគេ ខ្លាចគេថាយើងអន់ ឬ ល្ងង់ទេ ។ សូមចងចាំថា បើអ្នកហ៊ានសួរ គឺមានន័យថាអ្នកល្ងង់តែមួយភ្លែតទេ តែបើអ្នកលាក់ទុកវិញ អ្នកនឹងអាចល្ងង់មួយជីវិត។
• សុខភាព ក៏ជារឿងមួយសំខាន់ផងដែរ ត្រូវចេះថែរក្សាសុខភាពខ្លួនឯងអោយបានល្អ បរិភោគអោយមានជីវជាតិបំប៉នគ្រប់គ្រាន់ ហើយទៀងទាត់ សំរាកទទួលទានដំណេកអោយបានគ្រប់គ្រាន់ កាលណាមានសុខភាពល្អ ធ្វើអោយមានអារម្មណ៍ល្អរៀនអ្វីក៏យល់ គិតអ្វីក៏ឆាប់ចេញ។
• ត្រូវអនុវត្តន៍ធ្វើលំហាត់ ស្រាវជ្រាវមេរៀនបន្ថែមដោយខ្លួនឯង ស្វ័យសិក្សាដោយខ្លួនឯង ។ ធម្មតានៅសាលារៀនគ្រូផ្តល់ចំនេះអោយយើងបានតែមួយភាគទេ តែបើយើងមើលមេរៀនស្រាវជ្រាវបន្ថែមយើងនឹងទទួលបានចំនេះដឹងបីភាគ ហើយបើស្រាវជ្រាវធ្វើលំហាត់ចងក្រងមេរៀនវិញ យើងអាចទទួលបានប្រាំភាគ ។
• ការរៀនត្រូវមានមហិច្ឆតា មានចិត្តតស៊ូ ចេះគ្រប់គ្រងខ្លួនឯង យកឈ្នះលើខ្លួនឯង ត្រូវចិញ្ចឹមចិត្តខ្លួនឯងថាចង់បានអ្វីត្រូវខិតខំធ្វើអោយបាន មិនត្រូវមើលបំណាំអ្នកដែលរៀនខ្សោយ ឬ អន់ថយជាងយើងទេ(ក្នុងន័យនេះមិនមែនអោយអ្នកមើលងាយអ្នកដែលខ្សោយជាងខ្លួនទេ) ត្រូវសំលឹងមើលអ្នកដែលពូកែជាង អ្នកដែលទទួលបានជោគជ័យជាងយើង ហេតុអ្វីបានជាគេពូកែ? គេរៀនយ៉ាងម៉េចខ្លះ ? គេអាចធ្វើបាន យើងក៏អាចធ្វើបាន បើធ្វើមិនបានដូចគេ ក៏ប្រហាក់ប្រហែលគេដែរ ។ អាចនិយាយថា ត្រូវមានមនុស្សគំរូ (idol )ក្នុងចិត្តរបស់ខ្លួន ។
• យកអ្នកនៅជុំវិញខ្លួនយើងជាគ្រូរបស់យើង ។ ត្រូវចេះរៀនពីអ្នកនៅជុំវិញខ្លួន អោយតែគេចេះជាងយើង អាចបង្រៀនយើងបាននោះអាចចាត់ទុកគេជាគ្រូរបស់យើងបានហើយ ។ ពេលខ្លះធ្វើឆ្លាតពេកមិនល្អទេ ត្រូវចេះរៀនលួចចំនេះពីគេ ។ ឧបមាថា ការឌីសាញរូបភាពមួយនៅក្នុងកម្មវិធី Adobe photoshop តាមពិតទៅរូបហ្នឹងអ្នកអាចឌីសាញបាន ប៉ុន្តែខ្ញុំយល់ថាអ្នកមិនចាំបាច់ធ្វើជាអ្នកឆ្លាតទេ អ្នកគួរតែស្នើរសុំគេអោយគេបង្ហាញអ្នកពីរបៀបឌីសាញរូបនោះ ព្រោះខ្ញុំមិនជឿថា អ្នកដទៃប្រើវិធីសាស្រ្តក្នុងការឌីសាញដូចវិធីសាស្រ្តអ្នកទាំងស្រុងទេ ។ អ្នកក៏អាចចែករំលែកចំនេះដឹងរបស់ទៅគេផងដែរ ។
តាមវិធីសាស្រ្តខាងលើ សង្ឃឹមថាអ្នកអាចយកទៅអនុវត្តទទួលបានជោគជ័យ ។សូមអរគុណ
ឯកសារយោង
សៀវភៅរៀនអោយចេះ រៀនអោយមានប្រយោជន៍ របស់លោក គឹម ចាន់ណា
សម្តីរបស់ លោកគ្រូ បាន ឌីពិទូ សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មេគង្គកម្ពុជា
សម្តីរបស់ លោកគ្រូ ហ៊ុន យូ សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មេគង្គកម្ពុជា
សម្តីរបស់ លោកគ្រូ អ៊ុច រ៉េត សាស្រ្តចារ្យនៅសាកលវិទ្យាល័យ មានជ័យ

No comments:

Post a Comment