Pages

Monday, April 18, 2011

តិច​​និក​ធ្វើ​អោយ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍


គ្រាន់​តែ​ប្រើ​តិច​និក​ងាយ​ៗ​៩​ចំណុច​ខាង​ក្រោម ធ្វើ​អោយ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​បាន​ដោយ​ងាយ…។
១-​បង្កើត​ការ​ទាក់​ទាញ​ដោយ​មន្ត​ស្នេហ៍​មិន​មែន​ប្រើ​សម្រស់​តែ​ម្យ៉ាង​នោះ​ទេ៖
ស្រី្ត​ស្អាត​តែ​ម្យ៉ាង មិន​អាច​ស្រូប​ទាញ​ចិត្ត​បុរស​បាន​ឡើយ ប៉ុន្តែ​ភាព​មាន​មន្ត​ស្នេហ៍​ដែល​មិន​ដូច​អ្នក​ដទៃ​ អាច​ធ្វើ​អោ​យ​បុរស​អន្ទះ​អន្ទែង​ចិត្ត​ចង់​មក​សុំ​លេខ​ទូរស័ព្ទ​ពី​អ្នក​ភ្លាមៗ។ ដូច្នេះ អ្នក​ត្រូវ​ចេះ​វិធី​ពង្រាយ​មន្ត​ស្នេហ៍​ដែល​សំដៅ​ដល់​ការ​ប្រើ​អត្ត​ចរិត​អោយ​ត្រូវ​កាលៈ​ទេសៈ​នោះ​ឯង​។
២-ការ​ញញឹម​ស្រស់៖
ស្នាម​ញញឹម​ផ្អែម​ល្ហែម​​ដ៏​គួរ​អោយ​ស្រលាញ់​ប្រៀប​ដូច​ជា​កូន​សោ​ចាក់​បេះ​ដូង​របស់​បុរស ប៉ុន្តែ​កុំ​ញញឹម​ខ្លាំង​ពេក រហូត​បុរស​ដឹង​ពី​គោល​ដៅ​លាក់​បំពួន ធ្វើ​អោយ​គេ​គេច​បាត់។ ដូច្នេះ​ចូរ​ញញឹម​ដាក់​គេ​ដោយ​ស្មោះ​ត្រង់​បំផុត ពេល​នោះ​ការ​ញញឹម​លើក​ទី​២​នឹង​បង្កើត​ភាព​ជឿ​ជាក់​ដល់​បុរស​អោយ​ហ៊ាន​ដើរ​មក​រក​អ្នក​ភ្លាម។
៣-ស្គាល់​ពី​វិធី​ស្រូប​ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ទន់​ភ្លន់៖
គួរ​លួច​សម្លឹង​គេ ដោយ​គេ​ក៏​ដឹង​ថា​អ្នក​លួច​មើល​គេ ប៉ុន្តែ​នៅ​ពេល​គេ​ងាក​មក​មើល​អ្នក ចូរ​គេច​ខ្សែ​ភ្នែក​ចេញ រួច​ធ្វើ​ជា​អៀន​បន្តិច​បន្តួច។ បើ​មាន​ឱកាស​ជជែក​លេង ចូរ​ព្យាយាម​ប្រមូល​ព័ត៌មាន​លម្អិត​ពី​គេ ដោយ​សង្កេត​ពី​ការ​សន្ទនា​ថា គេ​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​អ្វី ហើយ​ត្រូវ​ជជែក​បែប​រួស​រាយ ស្ថិត​ក្នុង​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍។
៤-ធ្វើ​ខ្លួន​លាក់​កំបាំង​ខ្លះ ៖
បុរស​តែង​ចូល​ចិត្ត​ការ​ស្វែង​រក​អ្វី​ដែល​ធ្វើ​អោយ​ចង់​ដឹង គេ​កាន់​តែ​ចង់​ស្វែង​រក ហើយ​សាក​ល្បង​បង្ហើប​រឿង​សំងាត់​អោយ​គេ​ស្តាប់​តែ​ម្នាក់​ឯង និង​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​មាន​មោទន​ភាព​ខ្លាំង​ដែល​អ្នក​បង្ហើប​អោយ​គេ​បាន​ដឹង​តែ​ម្នាក់​ឯង។ ប៉ុន្តែ​ពេល​ខ្លះ​ការ​បង្ហើប​ធាតុ​ពិត​របស់​ខ្លួន​ទាំង​អស់​អោយ​គេ​ស្តាប់ អាច​ធ្វើ​អោយ​គេ​វាយ​តំលៃ​អ្នក​បាន​យ៉ាង​ងាយ​ដូច​គ្នា។
៥-ជា​អ្នក​ស្តាប់ និង​លួង​លោម​ដ៏​ល្អ ៖
សម្តែង​អោយ​គេ​មាន​អារម្មណ៍​ថា អ្នក​ជា​មិត្ត​ដ៏​ល្អ​បំផុត​ម្នាក់​ដែល​ចាំ​ធ្វើ​ជា​អ្នក​រំសាយ​ការ​អផ្សុក ចាំ​លួង​លោម​ពេល​គេ​មាន​បញ្ហា ឬ​អស់​សង្ឃឹម។ វា​ជា​វិធី​យក​ឈ្នះ​ចិត្ត​គេ ដែល​មាន​ផល​ល្អ​ដោយ​អ្នក​មិន​ចាំ​បាច់​និយាយ​អ្វី​ច្រើន គ្រាន់​តែ​ដើរ​ចូល​ទៅ​ក្តោប​ដៃ​គេ នៅ​ក្បែរ​កាយ​គេ ក៏​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​កក់​ក្តៅ​គ្រប់​ពេល​វេលា។
៦-នៅ​ពេល​ណាត់​ជួប​គ្នា​ដំបូង ៖
អ្នក​គួរ​តុប​តែង​ខ្លួន​អោយ​ស្អាត​ជាង​រាល់​ថ្ងៃ ប៉ុន្តែ​កុំ​អោយ​ជ្រុល​ពេក បង្ហាញ​នូវ​អាកប្ប​កិរិយា​ដូច​ធម្មតា​រាល់​ថ្ងៃ មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ និង​ស្វែង​យល់​ពី​គេ​អោយ​កាន់​តែ​ច្រើន​ក្នុង​ចំណុច​ផ្សេងៗ សំខាន់​ត្រូវ​ធ្វើ​ខ្លួន​អោយ​ត្រូវ​ចិត្ត​គេ។
៧-ប្រមូល​សេចក្តី​លម្អិត​តូច​តាច ៖
ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណុច​តូច​ៗ ចាត់​ទុក​ជា​មន្ត​ស្នេហ៍​ម្យ៉ាង​របស់​ស្រ្តី ដូចជា ការ​ចង​ចាំ​នូវ​រឿង​រ៉ាវ​ល្អៗ​ទាក់​ទង​និង​គ្នា ជា​ពិសេស​ត្រូវ​មើល​ថែ​គេ​ដូច​មើល​ថែ​ខ្លួន​ឯង​ដែរ។
៨-រក្សា​ភាព​ផ្ទាល់​ខ្លួន៖
អ្នក​ធ្លាប់​ប្រើ​ជីវិត​ដូច​ម្តេច គួរ​ធ្វើ​ដូច​ដើម រក្សា​នូវ​ទី​តាំង​របស់​អ្នក​កុំ​អោយ​គេ​ចូល​មក​បាន ចំណុច​នេះ​ធ្វើ​អោយ​គេ​ចាប់​អារម្មណ៍ និង​ចង់​រាប់​អាន​អ្នក​បន្ត​ទៀត។
៩-យល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​ឯង៖
បុរស​នឹង​មាន​អារម្មណ៍​ល្អ​ជាមួយ​នារី​ដែល​ចេះ​ស្រលាញ់​និង​មើល​ថែ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ ព្រោះ​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​ទេ នឹង​មិន​អាច​ស្រលាញ់​អ្នក​ដទៃ​បាន​ល្អ​ឡើយ។ រីឯ​ស្ត្រីណា​ដែល​លះ​បង់​ទាំង​អស់​ដល់​បុរស គឺ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​សេចក្តី​ស្រលាញ់​ដែល​ល្អ​ត្រូវ​កើត​ចេញ​ពី​អ្នក​ទាំង​សង​ខាង អ្វី​ដែល​បាន​មក​ងាយ វា​ក៏​មិន​សូវ​មាន​តំលៃ និង​ឆាប់​អស់​ន័យ​ដូច​គ្នា​ដែរ៕

No comments:

Post a Comment