Pages

Monday, April 18, 2011

កូនប្រសារ​ប្រុស​ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ឳពុក​ក្មេក-ម្តាយ​ក្មេក


១-បង្កើត​អារម្មណ៍​សប្បាយ​ដល់​ឳពុក​ក្មេក ម្តាយក្មេក
ជា​រឿងមិន​អាច​ប្រកែក​បាន​ឡើយថា​ សំណើច​ពិត​ជា​ជួយ​បង្កើន​អាយុជីវិត និង​សុខភាពល្អ។ ដូចនេះ​ការលើក​រឿង​កំប្លែង​បែប​សាមញ្ញ​និយាយ​អោយ​ពួក​គាត់​ស្តាប់​ក្នុង​ពេល​កំពុង​សំរាក​លម្ហែកាយ​ក្នុង​ផ្ទះ ឬនៅ​មុខ​រាន​ហាល​ផ្ទះ នឹង​ធ្វើ​អោយ​ពួក​គាត់​មាន​អារម្មណ៍​រីករាយ​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​និងបញ្ហា​ផ្សេងៗ។ ខណៈ​នោះ​ពួក​គាត់នឹង​បង្វែរ​អារម្មណ៍​មកគិត​គូរពី​មនោសញ្ចេត​នា​អាណិត​ស្រលាញ់ទៅ​លើ​រូបអ្នក​ជាមិន​ខាន។
២-ស្ងប់ស្ងាត់សំដីខ្លះ
ជាការ​ធម្មតា​ការ​និយាយស្តីជា​យានសម្រាប់​មនុស្ស​ទូទៅ តែដោយ​អ្នកជា​កូនប្រសា​ប្រុស​ចង់​បាន​ការ​ពេញ​ចិត្តពេញ​ថ្លើមពី​ឳពុក​ក្មេក គួរប្រើ​ចិត្តសាស្ត្រ​និយាយ​ស្តីមួយៗ​ច្បាស់​លាស់ ហើយ​រាល់​ថ្ងៃ​ទោះជា​និស្ស័យ​ធ្លាប់តែ​និយាយ​ច្រើន គួរ​តែ​កែប្រែ​ចិត្ត​គំនិត​និយាយ​ស្តីតែ​រឿងរ៉ាវ​ទាក់ទិន​និងការងារ​រក​ស៊ី​ការងារ​ក្រុមហ៊ុន ឬ​រាជការ​ជា​ប្រការ​ល្អ។ និយាយ​អោយ​ស្រួល​ស្តាប់ ត្រូវ​កាត់​បន្ថយ​ការ​និយាយ​ស្តី​ច្រើន ហើយ​រក្សា​ទឹកចិត្ត​អោយ​ហ្មឺងម៉ាត់។
៣-កុំធ្វើ​អោយ​ឳពុក​ម្តាយ​ក្មេក​មាន​អារម្មណ៍​ថា អ្នក​ចង់​បាន​របស់​អ្វីពី​ពួកគាត់
ឳពុក​ម្តាយក្មេក​តែងតែ​មិនពេញ​ចិត្តនូវ​ទង្វើណា​មួយ​ដែល​កូនប្រសារ​សម្តែង​ការ​ចង់​បាន​របស់​អ្វីមួយ​នៅ​ចំពោះ​មុខ​គាត់។ តែ​បើ​ចង់​បាន​សូម​រក្សា​ទុក​ក្នុង​ចិត្តតែ​ម្នាក់ឯង​ល្អជាង ពីព្រោះ​របស់​របរ​នោះ​ឳពុក​ម្តាយ​ក្មេក​គាត់យល់​ច្បាស់​ណាស់​ពីចំណង់​ចំណូល​ចិត្ត​កូនប្រសា។ ជួនកាល​បើ​គាត់​មាន​លទ្ធភាព​អាចទិញ​តម្រូវ​ចិត្តកូន​ប្រសា​ភ្លាម។
៤-កុំបដិសេធ
កុំបដិសេធ​នេះ​មិនមែន​មាន​ន័យ​ថា ចេះតែ​យល់ស្រប​គ្រប់​ជំហាន​ទាំងអស់​មិនគិត​មុខ​គិតក្រោយ​នោះ​ទេ តែនេះ​សំដៅ​ទៅ​លើជ្រុង​បញ្ហា​ខ្លះៗ​ដូចជា​រឿង​ពិសា​អាហារ​ប្រចាំ​ថ្ងៃ។ បើ​សិន​ជា​ប្រពន្ធ ឬឳពុក​ម្តាយ​ក្មេក​រៀបចំ​ទុក​ដាក់​អាហារ នំ បង្អែម ផ្លែឈើ សម្រាប់​រូបអ្នក​រួចរាល់​ហើយ ទោះជា​អ្នកឆ្អែត​យ៉ាងណា​ក៏មិន​ត្រូវ​បដិសេធ​ការមិន​ពិសា​អាហារ​នោះដែរ គឺត្រូវ​តែ​បំពេញ​ទឹកចិត្ត​ឳពុកម្តាយ​ក្មេក និង​ប្រពន្ធ ដោយ​ធ្វើជា​ពិសា​អាហារនេះ​បន្តិច អាហារ​នោះ​បន្តិច។
៥-ចៀសវាងចាប់កំហុសឳពុកម្តាយក្មេក
នរណា​ក៏ចៀស​មិនផុត​ពីការ​មានកំហុស​ខុសឆ្គង​នោះដែរ តែរាល់​កំហុសឆ្គង​ទាំងឡាយ​ត្រូវ​ទទួល​ស្គាល់ការ​ពិត។ ប៉ុន្តែ​ក្នុងករណី​ខ្លះ​ឳពុកម្តាយ​ក្មេក​ធ្វើល្អ​យូរ​ហើយ តែទើប​នឹង​អាក្រក់​ដោយ​ទង្វើ​អចេតនា កូន​ប្រសា​គួរ​ណាស់តែ​បិទភ្នែក​ធ្វើ​មិនដឹង​មិនឮ​ហាក់បី​ដូចជា​មិនដឹង​រឿង​អ្វី គឺជា​ប្រការ​ល្អ។ ហេតុអ្វី​បាន​លើក​ហេតុផល​ថា គឺជា​ប្រការ​ល្អទៅ​វិញ? មូល​ហេតុមកពី​កំហុស​នោះ​ជា​អចេតនា ហើយ​ការ​ធ្វើមិន​ដឹងមិន​ឮពី​កំហុស​របស់​ឳពុក​ម្តាយ​ក្មេក​ប្រៀប​ដូចជា​ទុក​​ឱកាសអោយ​ពួកគាត់​លើកលែង​ទោស​កំហុស​របស់​យើង​ដែល​ធ្វើ​ខុស​ដោយ​ប្រការ​ណាមិន​ដឹង​ខ្លួន​ដែរ។ ដូចនេះ​ឥរិយាបថ​បែប​នេះ ធ្វើអោយ​ឳពុក​ម្តាយ​ក្មេក​គោរព​ស្រលាញ់​កូន​ប្រសារឹត​តែ​ខ្លាំង។
៦-ការនិយាយពាក្យអសុរោះ
ការនិយាយ​ស្តីគំរោះ​គំរើយ​ដាក់​ប្រពន្ធ​កូន និង​ឳពុក​ម្តាយ​ក្មេក ចាត់​ទុក​ជា​ស្វាមី ជា​កូន​ប្រសា​គ្មាន​ព្រហ្មវិហារ​ធម៌ ឈ្លើយ​គ្មាន​ពូជពង្ស វង្សត្រកូល គ្មាន​មេបា​ប្រដែ​ប្រដៅ។ ដូចនេះ​សភាវៈ​និយាយ​ស្តីត្រូវ​រៀបពាក្យ​អោយ​បាន​សមរម្យ ជា​មនុស្ស​ថ្លៃថ្នូរ។ មិន​ថា​តែ​ចំពោះឳពុក​ម្តាយ ឬប្រពន្ធ​ទេសូម្បី​តែ​មិត្តភក្តិ​ញាតិ​ផៅ ក៏ត្រូវ​រក្សា​ភាសា​និយាយ​អោយ​បាន​ល្អ នោះ​ញាតិ​ផៅ​អោយ​តម្លៃ​ថា អ្នក​ជា​មនុស្ស​មាន​ពូជ​អម្បូរល្អ ហើយ​ផ្តល់​កិត្តិយស​ដល់​ឳពុកម្តាយ​ក្មេក​ទៀតផង​។

No comments:

Post a Comment