Pages

Monday, April 18, 2011

វិធី​តុប​តែង​ខ្លួន​របស់​និស្សិត​ស្រី


ការ​តុប​តែង​ខ្លួន​របស់​និស្សិត​មិនមែន​ជា​រឿង​មួយ​ដែល​អាក្រក់​នោះ​ទេ លើក​លែង​តែ​និស្សិត​ធ្វើការ​តុប​តែង​ខ្លួន​ផ្ទុយ​ពី​ច្បាប់​របស់​សាលារៀន​តែ​ប៉ុណ្ណោះ ដូច​ជា​ស្លៀក​សំពត់​ខ្លី​ជ្រុល លាប​ពណ៌​សក់​ស្រស់​ពេក ធ្វើការ​តុប​តែង​មុខ​ជ្រុល​ហួស​ហេតុ ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ជាដើម។ និស្សិត​មិន​ចាំ​បាច់​តុប​តែង​អ្វី​ច្រើន​នោះ​ទេ។ ការ​តុប​តែង​ក៏​មិន​មែន​ជា​រឿង​ដែល​លំបាក​នោះ​ដែរ បើ​សិន​ជា​អនុវត្តន៍​ទៅតាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នោះ។
យើង​ជួប​ជាមួយ​លោកស្រី សាពណ៌ សាពណ៌​ម៉ូឌែលីង​អេជិនស៊ី ប្រាប់​ពី​វិធី​នៅ​ក្នុង​ការ​តុប​តែង​ខ្លួន​របស់​និស្សិត។
-ប្រការ​គួរ​យល់​ដឹង​សម្រាប់​និស្សិត
សព្វ​ថ្ងៃ​នេះ ការ​តុប​តែង​ខ្លួន​របស់​និស្សិត​ឃើញ​ថា មាន​ការ​ខុស​ឆ្គង​ជា​ច្រើន ព្រោះ​តែ​មាន​ការ​ហូរ​ចូល​នូវ​វប្បធម៌​បរទេស​មួយ​ចំនួន​ដែល​ផ្ទុយ​ពី​ប្រពៃណី​ខ្មែរ។ មាន​និស្សិត​មួយ​ចំនួន​បាន​តុប​តែង​ខ្លួន​ដូច​ជា​និស្សិត​បរទេស ដោយ​ស្លៀក​សម្លៀក​បំពាក់​ស៊ិចស៊ី ហើយ​ការ​តុប​តែង​មុខ​ក៏​សិច​ស៊ី​ដែរ កត្តា​ទាំង​នេះ​ពុំ​ត្រឹម​ត្រូវ​ឡើយ។ តាម​ពិត​សម្រាប់​និស្សិត​ខ្មែរ​គឺ​ត្រូវ​គោរព​ទៅ​តាម​ប្រពៃណី គោរព​ទៅ​តាម​ច្បាប់​របស់​សាលារៀន ដោយ​តុប​តែង​ខ្លួន​អោយ​សុភាព សម​ជា​ស្ត្រី​ខ្មែរ សម​ជា​និស្សិត មិន​ត្រូវ​ធ្វើ​ទៅ​តាម​វប្បធម៌​បរទេស​នោះ​ទេ។
-របៀប​តុប​តែង​ខ្លួន​របស់និស្សិត
ការ​តុប​តែង​ខ្លួន​របស់​និស្សិត​មិន​មែន​ជា​រឿង​ដែល​លំបាក​នោះ​ទេ។ សំរាប់​និស្សិត ការ​តុប​តែង​គឺ​ផ្តោត​សំខាន់​ទៅ​លើ​សម្លៀក​បំពាក់​តែ​មួយ​មុខ​គត់ ហើយ​សម្លៀក​បំពាក់​នេះ​ហើយ​គឺ​អាច​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​និស្សិត​បាន​ថែម​ទៀត​ផង។
-សម្លៀក​​បំពាក់ៈ សំរាប់​និស្សិត សម្លៀក​បំពាក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត។ សម្លៀក​បំពាក់​ត្រូវ​ប្រើ​អាវស ឬខៀវ​ដៃ​វែង ឬក៏​ដៃ​ខ្លី ចំណែក​ឯ​សំពត់​ត្រូវ​តែ​ជា​ពណ៌​ខ្មៅ អាច​ជា​សំពត់​វែង​ឬ​ក៏​ខ្លី​ក្រោម​ក្បាល​ជង្គង់ តែ​មិន​ត្រូវ​ស្លៀក​លើ​ជង្គង់​ឡើយ។ សម្លៀក​បំពាក់​ត្រូវ​តែ​មាន​ក្លិន​ក្រអូប និង​មាន​ភ្លី​ជានិច្ច។
-ការ​តុប​តែង​មុខៈ ចំពោះ​និស្សិត ការ​តុប​តែង​មុខ​មិន​មែន​ជា​រឿង​មួយ​ដែល​សំខាន់​នោះ​ទេ ដោយ​គ្រាន់​តែ​លុប​លាង​មុខ​អោយ​បាន​ស្អាត ហើយ​លាប​ឡេ​ការពារ​ពន្លឺ​ព្រះ​អាទិត្យ ឬក៏​លាប​ក្រែម​រលោង​នៅ​លើ​បបូរ​មាត់​បន្តិច​នោះ​វា​ជា​ការ​ស្រេច។ ក្នុង​នាម​ជា​និស្សិត​មិន​ត្រូវ​តុប​តែង​មុខ​ដូច​ជា​ស្ត្រី​ដែល​ធ្វើការ ឬក៏​ជា​ស្ត្រី​មេ​ផ្ទះ​ឡើយ ព្រោះ​ខុស​និង​ប្រពៃណី​ខ្មែរ។
-ការ​តុប​តែង​សក់ៈ និស្សិត​ដែល​មាន​សក់​រួញ​គួរ​តែ​បួង​ឡើង ឬ​ក៏​ចង​អោយ​បាន​ស្អាត។ តែ​សម្រាប់​និស្សិត​ស្រី​ដែល​មាន​សក់​រលោង​ត្រង់​ស្អាត ត្រូវ​ចង​លើក​ឡើង​អោយ​ខ្ពស់​ល្មម​សម​និង​ទម្រង់​មុខ មិន​ត្រូវ​ទម្លាក់​សក់​នោះទេ។
-ក្រចក​ដៃ​ក្រចក​ជើងៈ មិន​ត្រូវ​ទុក​ក្រចក​ដៃ​ក្រចក​ជើង​វែង​ពេក​ទេ ហើយ​ក៏​មិន​ត្រូវ​លាប​ពណ៌​ក្រចក​ដែរ។ ជា​ពិសេស​ត្រូវ​តែ​ឧស្សាហ៍​សម្អាត​ក្រចក​ដៃ​ជើង​អោយ​បាន​ស្អាត​ជានិច្ច ដោយ​នៅ​ក្នុង​មួយ​សប្តាហ៍​ត្រូវ​តែ​ធ្វើ​ការ​សម្អាត​ពី​២ដង​ទៅ​៣ដង ឬ​ក៏​ត្រូវ​កាត់​សាច់​ម្តង​ទើប​ជាការ​ប្រសើរ។
-ស្បែកជើងៈ និស្សិត​ស្រី​គួរ​ប្រើ​ស្បែក​ជើង​ដែល​មាន​កែង​បន្តិច ឬក៏​ស្បែក​ជើង​រាប​ស្មើ​ល្មម តែ​មិន​ត្រូវ​ប្រើ​កែង​ខ្ពស់​ពេក​នោះ​ទេ។

No comments:

Post a Comment