Pages

Monday, April 18, 2011

វិធី​បណ្តុះ​កូន​អោយ​ចេះ​ទទួល​ខុស​ត្រូវ


ក្មេង​អាច​មិន​ព្រម​និយាយ​អំពី​បញ្ហា​ជាមួយ​ឳ​ពុក​ម្តាយ ព្រោះ​មាន​អារម្មណ៍​ថា ខ្លាច​ក្រែង​ឳ​ពុក​ម្តាយ​ស្តី​បន្ទោស ទើប​ច្រើន​តែ​សម្តែង​ការ​ការពារ​ខ្លួន​ឯង​ដែល​ជា​ធម្មជាតិ​របស់​មនុស្ស ពេល​ណា​គិត​ថា​ខ្លួន​នឹង​ត្រូវ​រង​នូវ​ការ​វាយ​ប្រហារ។ ប៉ុន្តែ​ឳពុក​ម្តាយ​ច្រើន​តែ​គិត​ថា ខ្លួន​កំពុង​ជួយ​អោយ​កូន​យល់​អំពី​បញ្ហា​ដើម្បី​អាច​ចេះ​ដោះ​ស្រាយ​បញ្ហា​នោះអោយ​បាន។ ចំណែក​ក្មេង​វិញ​បែរ​ជា​យល់​ថា ខ្លួន​ត្រូវ​រង​នូវ​ការ​ស្តី​បន្ទោស​បន្ថែម​ទៀត​ទាំង​ដែលកំពុង​តែ​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​រួច​ទៅ​ហើយ។ ក្មេង​ក៏​ខំ​ប្រឹង​ដោះ​សារ​ពុំ​ព្រម​ទទួល​កំហុស ហើយ​បើ​ឳពុក​ម្តាយ​កាន់​តែ​ដេញ​ដោល ក្មេង​ក៏​កាន់​តែ​ការពារ​ខ្លួន​ឯង​ខ្លាំង​ឡើង​ទើប​ច្រើន​តែ​មាន​ការ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ទៅៗ ជំនួស​អោយ​ការ​និយាយ​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​តាម​ដែល​ឳពុក​ម្តាយ​មាន​បំណង​ទៅ​វិញ។
ការ​ទទួល​អារម្មណ៍​អូស​ទាញ​អោយ​ខ្ញុំ​ធ្វើ​ដោយ​ចេះ​គិត
ការ​ទទួល​អារម្មណ៍​ជា​ដំណាក់​កាល​ដំបូង​របស់​ការ​ដោះ​ស្រាយ​បញ្ហា ព្រោះ​វា​ធ្វើ​អោយ​យើង​ដឹង​ថា តើ​យើ​ង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? បើ​សិន​យើង​ពុំ​បាន​ទទួល​អារម្មណ៍​មិន​ល្អ​ទេ​នោះ ក៏​មិន​គួរ​នឹង​មាន​បញ្ហា​អ្វី​ទេ តែ​សម្រាប់​ក្មេង​ពេល​ណា​ដែល​គេ​ទទួល​អារម្មណ៍​មិន​ល្អ ក្មេង​ច្រើន​តែ​ប្រកាន់​យក​ការ​មាន​អារម្មណ៍​នោះ​មិន​ព្រម​ឈប់ ឬ​ក៏​ធ្វើ​អ្វី​ដែល​មិន​សមរម្យ​ចេញ​មក។ ក្មេង​ច្រើន​តែ​យល់​ថា ការ​ទទួល​អារម្មណ៍​ទាំង​នេះ ជា​ចំណុច​ចាប់​ផ្តើម​ដែល​ជួយ​អោយ​ក្មេង​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ច្រើន​ជាង មិន​មែន​ជា​លទ្ធផល​ដែល​អាក្រក់​នោះ​ទេ។ ចំណុច​នេះ អាច​ប្រៀប​ធៀប​អោយ​ឃើញ​បាន​ជាមួយ​និង​ការ​ឈឺ​ចាប់​ខាង​រាង​កាយ បើ​នរណា​ម្នាក់​មាន​របួស​ហើយ តែ​មិន​មាន​អារម្មណ៍​ថា​ឈឺ ក៏​អាច​មិន​ដឹង​ថាខ្លួន​ឯង​មាន​របួស ហើយ​ឈាម​ក៏​មុខ​ជា​អាច​ហូរ​ចេញ​រហូត​ដល់​ស្លាប់​បាន។ ដំបៅ​ដែល​ឈឺ​ចាប់ អាច​ធ្វើ​អោយ​យើង​ដឹង​ខ្លួន​ថា​មាន​បញ្ហា ហើយ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា បើ​មិន​ដោះ​ស្រាយ​បញ្ហា​ទេ បញ្ហា​នោះ​ក៏​មុខ​ជា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ ដូច​គ្នា​នេះ​ដែរ ពេល​ណា​ចា​ប់​ផ្តើម​មាន​អារម្មណ៍​ថា​មិន​ល្អ នោះ​គឺ​ជា​សញ្ញា​ប្រាប់​អោយ​អ្នក​ដឹង​ថា មាន​បញ្ហា​ដែល​ត្រូវ​កែ​លំអ ហើយ​បើ​ពុំ​បាន​កែ​លំអ​ទេ​នោះ បញ្ហា​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ។ ហេតុ​នេះ ការ​ប្រើ​ការ​ទទួល​អារម្មណ៍​ទាក់​ទាញអោយ​ធ្វើ​យ៉ាង​ចេះ​គិត ជា​ការ​កែ​លំអ​ការ​មាន​អារម្មណ៍​ផ្នែក​អវិជ្ជ​មាន ហើយ​ក៏​ធ្វើ​អោយ​ក្មេង​មាន​ថាម​ពល​ឡើង​វិញ​បាន។
អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ស្គាល់​ការ​មាន​អារម្មណ៍​របស់​ខ្ឡន​ឯង និង​បែង​ចែក​វា​បាន។ ការ​ទទួល​អារម្មណ៍​របស់​ក្មេងៗ​ វា​មាន​លក្ខណៈ​ដូច​ជា កុង​តាក់​បើក​បិទ ច្រើន​ជាង​កុង​តាក់​បន្ថយ​ភ្លើង គឺ​បើ​មិន​មាន​អារម្មណ៍​ល្អ ក៏​មាន​អារម្មណ៏​អាក្រក់ បើ​មិន​សប្បាយ​ចិត្ត​ក៏​ខូច​ចិត្ត បើ​មិន​ឆ្អែត​ក៏​ឃ្លាន ហេតុ​នេះ​ក្មេង​គួរ​ចេះ​ញែក​បំបែក​អោយ​ឃើញ​ថា ការ​ទទួល​អារម្មណ៍​ទាំង​នោះ​វា​ខុស​ប្លែក​គ្នា​យ៉ាង​ណា តួ​យ៉ាង​ដូច​ជា​ក្មេង​ច្រើន​តែ​ញែក​មិន​សូវ​បាន​រវាង​ការ​មិន​ពេញ​ចិត្ត​និង​ការ​ខឹង។
ខ្ញុំមានបញ្ហា
បញ្ហា​ក្នុង​ទីនេះ​ពុំ​មែន​មាន​ន័យ​ថា វា​គឺ​ជា​កំហុស​របស់​ក្មេង​ទេ (ទោះ​ជា​វា​ពិត​មែន​ក៏​ដោយ) តែ​មាន​ន័យ​ថា ក្មេង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​បញ្ហា។ ពុំ​មាន​ប្រយោជន៍​អ្វី​ទេ ដែល​នឹង​ព្យាយាម​ធ្វើ​អោយ​ក្មេង​ទទួល​ស្គាល់​ពាក្យ​រិះ​គន់ ព្រោះ​ចំណុច​សំខាន់​ពុំ​មែន​ធ្វើ​អោយ​ក្មេង​ព្រម​ទទួល​ខុស តែ​ផ្តោត​លើ​ការ​ធ្វើ​អោយ​ក្មេង​យល់​ថា ខ្លួន​ឯង​ជា​អ្នក​ដែល​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត ដូច្នោះ​ទើប​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ក្មេង​មាន​សិទ្ធិ​និយាយ​បាន​ថា ហេតុ​អ្វី​បាន​ជា​គិត​ថា​បញ្ហា​ដែល​កើត​ឡើង​ពុំ​មែន​ជា​កំហុស​របស់​ខ្លួន តែ​បើ​និយាយ​ទៅ​ក៏​ដោះ​ស្រាយ​បញ្ហា​ពុំ​បាន​ដែរ។ ក្មេងៗ​មិន​សូវ​យល់​ព្រម​អោយ​រិះ​គន់​ វា​ប្រហែល​គ្នា​នឹង​ការ​ពុំ​សូវ​ព្រម​ដោះ​ស្រាយ​បញ្ហា និង​ចេះ​រៀប​រាប់​បញ្ហា​ចេញ​មក​ជា​ពាក្យ​សម្តី​ដែល​គឺ​ជា​ដំណាក់​កាល​ដំបូង​បំផុត។ ចំណុច​ដែល​សំខាន់​មួយ​ប្រការ​ទៀត គឺ​ការ​មាន​អារម្មណ៍​ប្រើ​ស​ម្រាប់​ដោះ​ស្រាយ​បញ្ហា​ពុំ​បាន​ទេ តែ​អ្វី​មួយ​ដែល​អាច​ប្រើ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បាន​នោះ​គឺ ត្រូវ​ប្រើ​គំ​និត​គិត​រក​ផ្លូវ​ដោះ​ស្រាយ​បញ្ហា ហើយ​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​សម​ស្រប។ ការ​អោយ​ក្មេង​និយាយ​រៀប​រាប់​អំពី​បញ្ហា ក៏​ជា​វិធី​មួយ​ទៀត​ដែល​ប្រើ​មិន​អោយ​ក្មេង​ធ្វើ​តាម​កម្លាំង​អន្ទង​ភ្លាមៗ ព្រោះ​ត្រូវ​និយាយ​និ​ង​រក​គិត​សិន ទើប​ពុំ​ទាន់​អាច​ចាប់​ផ្តើម​ធ្វើ​អ្វី​បាន។
បញ្ហា ឬ​ការ​មាន​អារម្មណ៍​អវិជ្ជ​មាន​អាច​នឹង​កើត​ឡើង​ព្រមៗ​គ្នា​ច្រើន​យ៉ាង រហូត​ដល់​ពិបាក​ក្នុង​ការ​ចង្អុល​បង្ហាញ​អោយ​ឃើញ​ច្បាស់​បាន។ សំរាប់​ចំណុច​នេះ បើ​សិន​ក្មេងៗ​និយាយ​ដល់​បញ្ហា​ដែល​ពុំ​មែន​ជា​រឿង​ជាមួយ​គ្នា អ្នក​ក៏​សួរ​ដេញ​ដោល​ពី​អ្វី​ ដែល​ក្មេង​បាន​និយាយ​ទាក់​ទង​និង​ការ​ទទួល​អារម្មណ៍​ក្នុង​ពេល​ដំបូង​យ៉ាង​ណា ឬ​បណ្តោយ​ទុក​អោយ​ក្មេង​និយាយ​បន្ត​ជា​រឿយៗ ដល់​ចំណុច​មួយ​ក្មេង​ក៏​និង​អាច​នឹក​ឃើញ​ដោយ​ខ្លួន​ឯង​ថា វិធី​ដោះ​ស្រាយ​ដែល​ខ្លួន​ឯង​បាន​គិត វា​មិន​ស៊ី​គ្នា​ជាមួយ​និង​បញ្ហា​នោះ​ទេ។ ពេល​ដល់​ចំណុច​នេះ អោយ​ក្មេង​រំលឹក​ឡើង​វិញ​ថា បញ្ហា​ដែល​ពិត​ប្រាកដ គឺ​ជា​អ្វី? ជួន​កាល​មាន​បញ្ហា​ថ្មី​ដែល​ក្មេង​ទើប​តែ​នឹក​ឃើញ ក្លាយ​ជា​បញ្ហា​ដែល​ពិត​ប្រាកដ​ដែល​រំខាន​អារម្មណ៍​របស់​ក្មេង។
ផែន​ការ​ជា​ទិស​ដៅ​របស់​ខ្ញុំផែន​ការ​ជា​ចំណែក​មួយ​ដ៏​សំខាន់​បំផុត ព្រោះ​សព្វ​ថ្ងៃ​នេះ​ក្មេង​ខ្លះ​ខ្វះ​ចំណុច​គួរ​​អោយ​ចាប់​អារម្មណ៍ ខ្វះ​ទិស​ដៅ ខ្វះ​កម្លាំង​ទាក់​ទាញ​ចិត្ត​ទើប​មាន​ឳពុក​ម្តាយ​ជាច្រើន​បារម្ភ​ពី​រឿង​កូន​មិន​ចេះ​ប្រើ​ប្រាស់​ពេល​វេលា រួម​ទាំង​ក្នុង​រឿង​ការ​សិក្សា និង​ទាំង​រឿង​ពេល​ទំនេរ។ ឳពុក​ម្តាយ​ខ្លះ​រមែង​មើល​ពុំ​ឃើញ​ថា ការ​ចេះ​ដាក់​ផែន​ការ គឺ​ជា​ពុទ្ធិ​ម្យ៉ាង​ដែល​អាច​បង្រៀន​គ្នា​បាន ពេល​បាន​ស្វែង​យល់​រួច​ហើយ ក្មេង​ក៏​យក​ទៅ​ប្រើ​ដោយ​ខ្លួន​ឯង ព្រោះ​ឃើញ​ថា​​អាច​ជួយ​សម្រួល​ភាព​តាន​តឹង​ខាង​ផ្លូវ​ចិត្ត​បាន។
តួ​យ៉ាង​ដូច​ជា​ពេល​ណា​ដែល​យើង​មាន​កិច្ច​ការ​ជា​ច្រើន ដែល​ត្រូវ​ធ្វើ​ដំបូង យើង​ក៏​ត្រូវ​រៀង​លំដាប់​ថា ត្រូវ​ធ្វើ​អ្វី​មុន ពេល​ណា​យើង​រៀង​លំដាប់​បាន​ហើយ យើង​ក៏​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ទោះ​ជា​មាន​ការ​ងារ​ដែល​ត្រូវ​ធ្វើ​ច្រើន​ដដែល​ក៏​ដោយ។
ផែន​ការ​សំដៅ​ដល់​អ្វី​ដែល​មនុស្ស​យើង​ចង់​អោយ​កើត​មាន​ឡើង ហើយ​យើង​អាច​ដាក់​ផែន​ការ​បាន​ដោយ​នឹក​ដល់​បញ្ហា​ក្នុង​ជ្រុង​ដែល​ផ្ទុយ​គ្នា ដូច​ជា បញ្ហា​គឺ​ខ្ញុំ​ធ្វើ​លំហាត់​យឺត ផែន​ការ​គឺ​ខ្ញុំ​ចង់​ធ្វើ​លំហាត់​អោយ​បាន​ទាន់​ពេល… តែ​បើ​ពុំ​មា​ន​ផែន​ការ យើង​ក៏​មិន​ដឹង​ថា​នឹង​ត្រូវ​ទៅ​តា​ម​ផ្លូវ​ណា​នោះ​ទេ។
ក្មេងៗ​ត្រូវ​យល់​ថា ផែន​ការ​ជួយ​កំណត់​ទិស​ដៅ​អោយ​យើង​អាច​ធ្វើ​បាន​សម្រេច​តាម​សេចក្តី​ត្រូវ​ការ គឺ​វា​ត្រូវ​តែ​ជា​ផែន​ការ​ដែល​សម​ហេតុ​សម​ផល និង​ស្ថិត​ក្នុង​វិស័យ​ដែល​អាច​ធ្វើ​បាន​សម្រេច​ផង​ដែរ។ ក្មេងៗ​ក៏​អាច​នឹង​ធ្វើ​បាន​ល្អ​ឡើង​ជា​បណ្តើរ​ៗ​ពេល​បាន​ហ្វឹក​ហាត់​ធ្វើ​តាម​ដំណាក់​កាល​នោះ។ ក្រៅ​ពី​នេះ ក្មេង​ក៏​ត្រូវ​ចេះ​ញែក​បំបែក​ផែន​ការ​តូចៗ និង​រៀង​លំដាប់​ ភាព​សំខាន់​របស់​ផែនការ។ តួ​យ៉ាង​ដូច​ជា ក្មេង​អាច​មាន​ផែន​ការ​គោល​ថា គេ​ចង់​អោយ​មិត្ត​ភក្តិ​ស្រលាញ់​ចូល​ចិត្ត ឯ​ផែន​ការ​តូចៗ​ដែល​រួម​នៅ​ទីនេះ​គឺ ធ្វើ​ខ្លួន​អោយ​មើល​ទៅ​គួរ​អោយ​អស្ចារ្យ និង​ចូល​ចុះ​ជាមួយ​មិត្ត​ភក្តិ​ពេល​វេលា តែ​ក៏​ត្រូវ​ខំ​រៀន​អោយ​បាន​ពិន្ទុ​ល្អ និង​បាន​ធ្វើ​ការ​ល្អ មាន​ចំណូល​ល្អ​ផង ព្រោះ​អ្វី​ទាំង​នេះ​អាច​នឹង​ធ្វើ​អោយ​មនុស្ស​យើង​លេច​ធ្លោ​បាន។ យើង​សង្កេត​ឃើញ​ថា ផែន​ការ​តូចៗ​ទាំង​ឡាយ​អាច​ជំទាស់​គ្នា ហើយ​ការ​យល់​ពី​ចំណុច​នេះ​ក៏​អាច​ជួយ​អោយ​ក្មេង​ចេះ​ទប់​ចិត្ត​បាន​ខ្លះ​ដែរ។
ប្រសិន​បើ​យើង​ធ្វើការ​ប្រៀប​ធៀប​គ្រួសារ​ជាមួយ​និង​ក្រុម​ហ៊ុន​ក្នុង​រឿង​ដាក់​ផែន​ការ​នេះ យើង​អាច​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​ក្រុម​ហ៊ុន​តែង​មាន​ការ​ដាក់​ផែន​ការ ដែល​ជា​អ្វី​ដ៏​សំខាន់ ព្រោះ​ផែន​ការ​ជួយ​អោយ​មនុស្ស​នៅ​ក្នុ​ង​ក្រុម​ហ៊ុន ប្រឹង​ប្រែង​ធ្វើ​ការ​តាម​ភារ​កិច្ច​រៀង​ខ្លួន ចាប់​ពី​សន្តិសុខ រហូត​ដល់​អ្នក​គ្រប់​គ្រង​ថ្នាក់​ខ្ពស់ សំដៅ​ឆ្ពោះ​ទៅ​ទិស​ដៅ​តែ​មួយ​ជា​មួយ​គ្នា។ ចំណែក​ឯ​ការ​ដាក់​ផែន​ការ​ប្រកាស​ភារកិច្ច​របស់​មនុស្ស​ក្នុង​គ្រួសារ​វិញ ក៏​មាន​គោល​បំណង​ស្រដៀង​គ្នា​នេះ​ដែរ គឺ​កំណត់​ពី​ចំណូល​ចិត្ត និង​គោល​បំណង​រួម​គ្នារបស់​ក្រុម​គ្រួសារ។ ប៉ុន្តែ​ប្រសិន​បើ​គ្រួសារ​របស់​យើង​នៅ​ពុំ​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ ពេល​នេះ​ក៏​ដល់​ពេល​វេលា ដែល​អ្នក​អាច​ចាប់​ផ្តើម​សាក​ល្បង​ធ្វើ​បាន​ហើយ។
គិត​ដល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន

No comments:

Post a Comment