នេះជាលើកទីមួយហើយដែលខ្ញុំបានឈានជើង ចូលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំក៏មិនខុសពីនិស្សិតដទៃទៀតដែរ ថ្ងៃនេះខ្ញុំពាក់អាវពណ៌ផ្ទៃមេឃ ទីនុយពីលើដោយសំពត់ហ្ស៊ីបបត់ពណ៌ខៀវ។ ថ្ងៃនេះ ជាថ្ងៃបើកបវេសកាលសម្រាប់និស្សិតឆ្នាំទីមួយ ហើយនិស្សិតឆ្នាំដំបូងដូចពួកខ្ញុំនេះ តម្រូវឱ្យចូលរួមប្រជុំនៅសាលធំមួយ ដែលគេហៅថា អគារដំបូលទូក។ ខ្ញុំមិនទាន់ចូលទៅរកកន្លែងអង្គុយភ្លាមៗទេ ព្រោះគ្មានអ្នកណាដែលខ្ញុំស្គាល់ផង ទោះជាចូលទៅក៏ត្រូវអង្គុយសំកុកតែម្នាក់ឯងដែរ។
-ហត្ថា! …គង់ វីរៈហត្ថា!…
យី! អ្នកណាហៅឈ្មោះខ្ញុំច្បាស់ម្ល៉េះ ! ហៅដោយទាំងត្រកូលជីដូនជីតាខ្ញុំទៀត ពិតជាយ៉ាប់មែន។
ខ្ញុំងាកទៅរកម្ចាស់សំឡេង៖
-អេ! គ្នាស្មានតែអ្នកណា? មកហៅឈ្មោះទាំងត្រកូលបែបនេះ គ្នាវិះតែនឹងជេរទៅហើយ។
-មកពីឯងត្រចៀកប៉ោតហ្នឹងណា! ហៅប៉ុន្មានដងទៅហើយនៅមិនឮទៀត។
នេះហើយ មិត្តសម្លាញ់របស់ខ្ញុំកាលនៅវិទ្យាល័យ ជួបមុខគ្នាហើយ បើមិនបានថាឱ្យគ្នាទេ គឺស៊ីបាយមិនឆ្ងាញ់ឡើយ។
-កញ្ញា! សំណាងហើយ ដែលបានជួបឯងនៅទីនេះ។
- ចុះមានតែឯងទេឬ ដែលមានវាសនាជួបអាហារូបករណ៍មករៀននៅទីនេះ? ហើយឯងជាប់ផ្នែកអី?
-ផ្នែកសង្គមវិទ្យាណាកញ្ញា!
-អូ! អ៊ីចឹងត្រូវជាបងប្អូនជាដូនមួយរបស់ខ្ញុំហើយ។
-ស្អីគេ កញ្ញា? ខ្ញុំក្លាយជាបងប្អូនជីដូនមួយរបស់ឯងពីអង្កាល់?
-ល្ងង់មែន យាយប៉ិនេះ! គឺពួកយើងរៀនជំនាញស្រដៀងគ្នាហ្នឹងណា! ឯងរៀនសង្គមវិទ្យា ឯគ្នារៀនសង្គមកិច្ច។
ខ្ញុំ និងកញ្ញា ជជែកគ្នានៅខាងក្រៅមិនអស់ចិត្ត ក៏ចូលទៅប្រាជ្ញព្រោកនៅខាងក្នុងបន្តទៀត។ ធម្មតាទេ មិត្តភក្តិបែកគ្នាយូរ ពេលជួបមុខគ្នាគឺមានរឿងនិយាយច្រើនបែបនេះហើយ រហូតដល់ថ្នាក់មិនបានយកចិត្តទុកដាក់ស្តាប់លោកនាយក និងលោកគ្រូផ្សេងទៀតណែនាំពីបញ្ហាផ្សេងៗដល់និស្សិតទាំងអស់។ មួយសន្ទុះក្រោយមក ស្រាប់តែខ្ញុំបានឮ លោកគ្រូហៅឈ្មោះសិស្ស ៖
-កញ្ញា! គ្រូហៅឈ្មោះអីគេហ្នឹង?
-អ្នកណាដឹង? បើខ្ញុំរវល់តែជាប់មាត់ជាមួយឯង។
-គឺលោកគ្រូហៅឈ្មោះ អ្នកដែលត្រូវធ្វើជាប្រធានថ្នាក់សម្រាប់មុខវិជ្ជានីមួយៗ។
និស្សិតស្រីម្នាក់ ដែលអង្គុយនៅខាងស្តាំដៃខ្ញុំ បានប្រាប់ខ្ញុំអំពីចម្ងល់នេះ។ គេមិនប្រកាន់នឹងពួកខ្ញុំដែលជជែកគ្នា ហើយនៅប្រាប់ខ្ញុំទៀត។ គិតៗទៅ លើលោកនេះ មិនខ្វះទេមនុស្សដែលមានចិត្តល្អ គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។
-ថ្នាក់សង្គមវិទ្យា ប្រធានថ្នាក់ឈ្មោះ…
អីយ៉ា! លោកគ្រូប្រកាសដល់មុខវិជ្ជាខ្ញុំហើយតើ!
-ដួង វេហាប្រាថ្នានិស្ស័យ
ស្លាប់ហើយ! ឈ្មោះអីក៏វែងម្ល៉េះ! អ៊ីចឹង ម្តេចក៏មិនព្រមដាក់ថា ដួងចន្ទរះលើវេហាប្រាថ្នាតារាមាននិស្ស័យ តែម្តងទៅ!
-ហត្ថា! ឈ្មោះប្រធានថ្នាក់ឯង អស្ចារ្យដល់ហើយ!
-ហាស ហា! អស្ចារ្យដល់គួរឱ្យចង់អត់សរសើរ តើមែនទេ? ឈ្មោះវែងជាងឈ្មោះទូកងទៅទៀត។
-នែ! ម៉េចក៏ថាឱ្យប្រធានថ្នាក់ឯងបែបនេះ?
-ចុះយើងមាននិយាយមុខគេឯណា? ឈ្មោះនេះប្រហែលជាយកឈ្មោះ ជីដូនជីតា អាម៉ា អាកុងរបស់គេ មកផ្គុំចូលគ្នាហើយមើលទៅ!
និយាយរួច ខ្ញុំ និងកញ្ញា ក៏សើចទាំងអស់គ្នា។
ថ្ងៃនេះ ជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំ។ ខ្ញុំត្រូវទៅរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីរ ដែលចំណាំហៅថា សាកលពីរៗ។ ក្នុងឆ្នាំមូលដ្ឋាននេះ ពួកសង្គមវិទ្យា ត្រូវរៀនជាមួយពួកសង្គមកិច្ច។ ដូច្នេះ ខ្ញុំនិងកញ្ញា ក៏មានសំណាងបាននៅថ្នាក់ជាមួយគ្នា។ ដោយសារពួកយើងជានិស្សិតអាហារូបករណ៍ ដូច្នេះ ខាងសាលាតម្រូវឱ្យយើងរៀនពីរវេន គឺពេលព្រឹករៀនអង់គ្លេស ១ម៉ោងកន្លះ និងពេលថ្ងៃរៀនមុខវិជ្ជាឯកទេស។
ម៉ោង១២ និង ៥០នាទីទៅហើយ វត្តមានរបស់សិស្សផ្សេងទៀតកំពុងចូលមកជាបន្តបន្ទាប់ នៅតែគ្រូប៉ុណ្ណោះដែលមិនទាន់មកដល់។ ខ្ញុំ និងកញ្ញា អង្គុយក្បែរគ្នា៖
-ហត្ថា! ឯងបានជួបមុខប្រធានថ្នាក់ដ៏សង្ហារបស់ឯងហើយឬនៅ?
-នែ! ម៉េចក៏ឯងហ៊ាននិយាយថាគេសង្ហា?
-ព្រោះឈ្មោះដ៏វែង និងពិរោះរបស់គេហ្នឹងណា!
-កុំប្រញាប់ចាញ់បោកឈ្មោះពេក កញ្ញា! តែបើបានប្រធានថ្នាក់ស្អាតមែននោះ ថ្នាក់យើងក៏មានមោទនភាពណាស់ដែរ។
-សូម្បីតែឯងក៏ចង់រៀនជាមួយប្រុសស្អាតដែរ។ ចុះបើផ្ទុយគ្នាវិញនោះ?
-ឈ្មោះឡូយយ៉ាងនេះ បើសិនជារូបមិនស្អាតវិញនេះ យើងនឹងធាក់គេឱ្យខ្ទាតពីសាកលពីតែម្តង។
-សម្អាងស្អី បានជាហាមាត់ឡើងចង់ដេញគេស្រេចតែក្បាលចិត្តបែបនេះ?
សំឡេងប្រុសម្នាក់លាន់ឮក្រោយខ្នងរបស់ខ្ញុំ។ ខ្ញុំ និងកញ្ញា ក៏ងាកទៅរកគេ។ ប្រុសម្នាក់នេះសម្បុរស្រអែម ចិញ្ចើមក្រាស់ ភ្នែកធំ សក់ទឹករលក ឯមាឌរបស់គេវិញ មើលទៅមាំមួនល្អណាស់។ គេក៏និយាយាមកកាន់ខ្ញុំទៀត៖
-ចង់ដឹងថា ដួងវេហាប្រាថ្នានិស្ស័យ ជាអ្នកណាមែនទេ? គឺខ្ញុំនេះហើយ។
ព្រះអើយ! ខកបំណងហើយខ្ញុំ។ នេះឬប្រធានថ្នាក់របស់ខ្ញុំ?
-យ៉ាងម៉េចដែរ ម្សិលមិញនិយាយដើមខ្ញុំមិនទាន់អស់ទេហ្អែស?
ម៉េចក៏គេដឹងថា ម្សិលមិញ ខ្ញុំ និង កញ្ញា និយាយដើមគេ? ឬមួយក៏ម្សិលមិញ គេអង្គុយនៅក្បែរនោះដែរ? ហត្ថា អើយ ហត្ថា! ពេលនេះឯងបាត់មាត់ដូចគេចុកហើយមែនទេ?
-ពូកែណាស់ អារឿងនិយាយដើមគេ។ បើគ្រាន់បើណាស់ ម៉េចមិននាំគ្នាព្រោកទៀតទៅ។
នែ! ល្មមៗបានហើយ តាខ្មៅ! ឃើញគេមិនមាត់ៗ កុំខ្លាំងសម្តីពេក។
-ត្រូវហើយ! ខ្ញុំចូលចិត្តនិយាយដើមគេ ទោះនៅមុខគេក៏ខ្ញុំនិយាយដែរ។ ឈ្មោះប្រាថ្នានិស្ស័យស្អីទៅ? ឈ្មោះពិរោះល្អពេក តែមុខកុំមើល។
-ក៏គ្រាន់បើជាងអ្នកខ្លះ ជាស្រីតែឈ្មោះដូចប្រុស។
គេកំពុងតែថាឱ្យខ្ញុំតើមែនទេ? ប្រហែលជាគេឮកញ្ញា ហៅឈ្មោះខ្ញុំហើយមើទៅ។ ខ្ញុំក៏តបទៅវិញ មិនឱ្យចាញ់ប្រៀបគេឡើយ៖
-មនុស្សស្រីឈ្មោះដូចប្រុស តើវាយ៉ាងម៉េច? មនុស្សស្រីឈ្មោះដូចប្រុស បានន័យថា ស្រីនោះក្លាហានអង់អាចដូចជាមនុស្សប្រុសអ៊ីចឹង។
ខ្ញុំនិយាយរួច ក៏លានអណ្តាតដាក់គេ ដើម្បីបញ្ជាក់ប្រាប់គេថា ខ្ញុំមិនឱ្យគេបញ្ឈឺបានដោយងាយនោះទេ។
-បានហើយហត្ថា! ឈប់ឈ្លោះគ្នាទៅ។ គ្រូចូលមកហើយ។
គ្រូចូលមកក៏ល្អដែរ មិនចាំបាច់ឈ្លោះជាមួយគេយូរ នាំតែខាតទឹកមាត់។ មិនដឹងថាខ្ញុំសំណាង ឬស៊យទេដែលត្រូវមករៀននៅថ្នាក់នេះ។ មិនទាន់បានអីផងក៏ត្រូវឈ្លោះជាមួយប្រធានថ្នាក់ទៅហើយ។
រយៈពេលមួយអាទិត្យកន្លងផុតទៅ ខ្ញុំនិងតាខ្មៅនោះ មិនដែលមានរឿងល្អទេ។ គេចេះតែរករឿងខ្ញុំគ្រប់ពេល។ ល្ងាចថ្ងៃសៅរ៍នេះ ខ្ញុំចេញពីរៀនម៉ោង ៥ល្ងាច ហើយដើរទៅ ជាមួយកញ្ញា ដូចសព្វដង៖
-ហត្ថា! ល្ងាចថ្ងៃអាទិត្យនេះទំនេរទេ? គ្នាចង់បបួលឯងទៅហូបអីឱ្យឆ្ងាញ់មាត់ម្តង។
- អ៎! ឯងជាអ្នកប៉ាវមែនទេ កញ្ញា? ហាស ហា! គ្នានិយាយលេងទេ ចាំបាច់ធ្វើភ្នែកស្លឺធ្វើអី? អូខេ! ស្អែកជួបគ្នា។
ខ្ញុំជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីសំដៅទៅផ្ទះ។ ពេលនៅថ្នាក់ ចេះតែទាស់សម្តីជាមួយនាយនិស្ស័យ នោះ តែពេលចេញពីរៀន អារម្មណ៍ក៏បានធូរជាងមុន។ ចម្ងាយពីសាកលពីរ មកដល់ស្តុបពេទ្យលោកសង្ឃ មិនសូវឆ្ងាយប៉ុន្មានទេ។ អីយ៉ា! ស៊យមែន ភ្លើងក្រហមបាត់។ ទោះបីជាពេលខ្លះសម្តីរបស់ខ្ញុំអាក្រក់បន្តិចមែន តែក៏មិនមែនបានន័យថា ខ្ញុំជាពលរដ្ឋអាក្រក់នោះដែរ។ ខ្ញុំតែងតែគោរពច្បាប់ជានិច្ច ជាពិសេសគឺច្បាប់ចរាចរណ៍តែម្តង។
-អីយ៉ាស់! អ្នកណាបុកគូទម៉ូតូខ្ញុំហ្នឹង?
ខ្ញុំក៏ងាកទៅក្រោយ។ ការពិតគឺប្រធានថ្នាក់ដ៏អត់សង្ហារបស់ខ្ញុំទេតើ! នាយនិស្ស័យនេះ កំពុងតែជិះលើកង់របស់គេ ធ្វើមុខស្មើសម្លឹងមកខ្ញុំ ខណៈពេលដែលគេឃើញខ្ញុំមើលមុខគេ៖
-ជិះកង់ប្រយ័ត្នបន្តិចទៅ! បើធ្វើឱ្យខូចម៉ូតូខ្ញុំ តិចថាគ្មានលុយសង។
-ខ្ញុំខ្ពើមចង់ប៉ះណាស់។ ខ្ញុំក៏ខ្លាចខូចកង់របស់ខ្ញុំដែរ។
-ឆឹះ! ត្រឹមកង់កញ្ចាស់មួយ ម៉េចនឹងមានតម្លៃស្មើម៉ូតូរបស់ខ្ញុំ!
-នាងទុកម៉ូតូរបស់នាងមានតម្លៃយ៉ាងណា ចំពោះខ្ញុំវិញ កង់របស់ខ្ញុំក៏មានតម្លៃយ៉ាងនោះដែរ។
គេនិយាយតែប៉ុណ្ណេះ ហើយក៏ប្រឹងធាក់កង់ទៅមុខយ៉ាងលឿន គ្រាន់តែបានឃើញភ្លើងបៃតងលោតឡើងភ្លាម។
ពេលវេលាដើរលឿនដល់ហើយ ម្សិលមិញជាថ្ងៃអាទិត្យសោះ ឥឡូវចូលដល់ថ្ងៃចន្ទទៀតហើយ។ បើសិនជា មួយអាទិត្យមានថ្ងៃអាទិត្យច្រើនថ្ងៃ មិនដឹងជាល្អ យ៉ាងណានោះទេ។
ខ្ញុំតែងតែទៅសាលាមុនម៉ោងជានិច្ច។ គ្រាន់តែចូលអង្គុយក្នុងថ្នាក់ភ្លាម ទូរស័ព្ទខ្ញុំក៏រោទ៍៖
-អាឡូ កញ្ញា! …..ថាម៉េច….ឯងនេះយ៉ាប់មែន! ម្សិលមិញ ប្រាប់ហើយថាកុំឱ្យញ៉ាំបុកល្ហុង ព្រោះ សុទ្ធតែបន្លែឆៅ ហើយមិនដឹងថាអ្នកលក់លាងស្អាត ឬក៏អត់។ ឥឡូវឃើញទេ ខានបានមករៀន……មិនអីទេ ចាំស្អែកចាំខ្ញុំយកសៀវភៅដែលរៀនថ្ងៃនេះ មកឱ្យឯងខ្ចី។
ថ្ងៃនេះ កណ្តោចកណ្តែងដល់ហើយ។ កញ្ញា មិនបានមករៀនដោយសារតែរាក។ នៅពេលចេញលេង ខ្ញុំមិនបានចេញទៅណាទេ ហើយក៏គ្មានគ្នាជជែកជាមួយខ្ញុំដែរ។ ចំណែកនាយនិស្ស័យនោះវិញ មិនដឹងជាចេញទៅណាបាត់ទេ គ្មានឃើញមុខមកឈ្លោះជាមួយខ្ញុំដូចរាល់ដងសោះ។
-ហ៊ើយ! ធុញណាស់។ លេងហ្គេមក្នុងកុំព្យូរទ័រវិញល្អជាង។
ខ្ញុំប្រើកុំព្យូទ័របានតែមួយសន្ទុះ ស្រាប់តែវារលត់។
-យី! ម៉េចក៏រលត់អ៊ីចឹង? ហ៊ើយ! ស៊យមែន មកពីយប់មិញ ភ្លេចសាកថ្ម។
ពេលចេញទៅផ្ទះ នៅសល់តែខ្ញុំ និងនាយនិស្ស័យ តែប៉ុណ្ណោះ ដែលរៀបចំឥវ៉ាន់មិនទាន់ហើយ។ នាយនិស្ស័យ ដើរមកពីយកហ្វឺត និងប្រដាប់លុបក្តារខៀន ក៏ប៉ះនឹងតុរបស់ខ្ញុំធ្វើឱ្យកាតាបរបស់ខ្ញុំជ្រុះលើឥដ្ឋ។
-ដើរមិនចេះមើលទេ បើខូចលែបថុបរបស់ខ្ញុំ ទោះលក់កង់កញ្ចាស់នោះ ក៏សងមិនគ្រប់ដែរ។
ខ្ញុំនិយាយបណ្តើរ រូតកាតាបកុំព្យូទ័រចេញ មកបណ្តើរ។ ឯនាយនិស្ស័យ ស្អីគេនោះ ក៏ពោលចម្អកឱ្យខ្ញុំ៖
-ខូចក៏ខូចទៅ កុំឱ្យពូកែលេងហ្គេមពេក។
គេនិយាយតែប៉ុណ្ណេះ ក៏រៀបចំកាតាបបម្រុងនឹងដើរចេញទៅ៖
-ឈប់ភ្លាម! ធ្វើខូចរបស់គេហើយ ចង់គេចផងហ្អែស? កុំព្យូទ័រខ្ញុំបើកលែងចេញហើយ។
-ស្អីគេ! គ្រាន់តែជ្រុះធ្លាក់ប៉ុណ្ណឹងក៏ខូចទៅហើយ។
-បើមិនជឿគេ មើលខ្លួនឯងទៅ
គេក៏ដើរចូលមកជិតខ្ញុំ ហើយខ្ញុំក៏ចុចបង្ហាញគេ ដើម្បីបញ្ជាក់ថា កុំព្យូទ័រខ្ញុំពិតជាបើកលែងចេញមែន។ មើលទៅ តាខ្មៅនេះ ដូចជាល្ងង់ណាស់។ ទំនងមិនចេះប្រើលែបថុបផងក៏មិនដឹង។ នាយនិស្ស័យនេះ ភ័យឡើងស្លេកមុខ កាលបើឃើញដូច្នេះ។ ប្រហែលជាខ្លាចខ្ញុំទារឱ្យសងហើយមើលទៅ។ គេក៏ខំប្រកែក៖
-មកពីចូលចិត្តលេងហ្គេមពេកហ្នឹងណា ទើបបើកលែងចេញបែបនេះ។
កុំព្យូទ័រខ្ញុំម៉េចនឹងអាចឆាប់ខូចបែបនេះទៅ។ អម្បាញ់មិញ ពេលកាតាបធ្លាក់ កុំព្យូទ័រនេះនៅលើសៀវភៅទេ ដូច្នេះ វាមិនប៉ះទង្គិចនឹងឥដ្ឋឡើយ។ តាឡប់នេះ គ្មានដឹងថាកុំព្យូទ័រខ្ញុំអស់ថ្មនោះទេ។ ខ្ញុំបំភ័យគេទៀតសិន៖
-កុំមកចង់ដោះសាយករួចខ្លួន ធ្វើខូចរបស់គេហើយត្រូវតែសង។
ខ្ញុំនិយាយទាំងធ្វើមុខក្រញូវ ហើយទុកកុំព្យូទ័រចូលកាតាបវិញ។
-មានអី! សងក៏បាន តែត្រូវចាំខ្ញុំរៀនចប់មានការងារធ្វើសិនណា អ្នកនាង។
អូហូ! និយាយអីក៏ឡូយម្ល៉េះ! និយាយបែបនេះចប់រឿងហើយមែនទេ? យី! គេប្រុងចេញទៅហើយ។ ធ្វើឱ្យជ្រុះកាតាបគេហើយ មិនត្រឹមតែមិនសូមទោសទេ ហើយនៅនិយាយពាក្យដែលគួរឱ្យចង់វាយថែមទៀត។ ខ្ញុំស្ទុះទៅពាំងពីមុខគេ៖
-ខ្ញុំមិនដែលឃើញប្រុសណាមុខក្រាស់ដូចជានាយនេះទេ។ ជាកូនប្រុសនឹងគេដែរ ធ្វើខុសហើយនៅមិនទទួលកំហុសទៀត។
-ព្រោះនៅចំពោះមុខខ្ញុំនេះ គឺជាស្រីម្នាក់ដែលគួរឱ្យស្អប់។
-អូនាយនេះ! ពិតជាមិនព្រមភ្ញាក់ខ្លួនសោះ។ រូបអាក្រក់ សម្តីក៏អាក្រក់ទៀត។
-ត្រូវហើយ ខ្ញុំអាក្រក់ទាំងអស់។ មិនដូចជានាងទេ ស្អាតទាំងលើទាំងក្រោម តែអន់ចរិត។
-នែមនុស្សឡប់….
ខ្ញុំជេរគេរួច ក៏ធាក់គេមួយជើងទៀត។ គេធ្វើមុខដូចជាឈឺណាស់អ៊ីចឹង។ តែក៏មិនអាចបន្ទោសគេបានដែរ ព្រោះខ្ញុំលេងធ្ងន់បន្តិចមែន។
-ហេតុអីក៏ប្រើអំពើហិង្សាលើបុរសភេទបែបនេះ?
-ព្រោះបុរសភេទធ្វើឱ្យនារីភេទខឹងហ្នឹងណា!
-អូ! មនុស្សប្រុសធ្វើឱ្យមនុស្សស្រីខឹង មនុស្សស្រីត្រូវតែវ៉ៃហើយមែនទេ? ចុះមានដឹងទេថា ពេលមនុស្សប្រុសខឹងមនុស្សស្រីវិញ តើមនុស្សប្រុសនឹងធ្វើអ្វី?
នាយនិស្ស័យ និយាយបណ្តើរ មូរដៃអាវបណ្តើរ។ តើគេចង់វាយខ្ញុំវិញមែនទេ? មិនបានទេ រត់វិញល្អជាង។ អីយ៉ា! រត់មិនទាន់ទេ ព្រោះគេបានកញ្ឆក់ដៃខ្ញុំមកវិញ ហើយយកដៃទាំងពីររបស់គេចាប់ក្បាលខ្ញុំជាប់។ ខ្ញុំបានត្រឹមតែយកដៃរបស់ខ្ញុំគក់ខ្នងគេ។ ចង់ស្រែកជេរគេ ក៏ជេរមិនកើត ព្រោះមាត់របស់ខ្ញុំ ត្រូវមាត់របស់គេសង្កត់ជាប់បាត់ទៅហើយ។
នាយនិស្ស័យនេះ ម៉េចក៏ប៊ឺតមាត់ខ្ញុំយូរម្ល៉េះ! មិនបានទេ បើខ្ញុំមិនអាចរើឈ្នះគេទេ ខ្ញុំមិនមែនឈ្មោះ វីរៈហត្ថានោះទេ។
ខ្ញុំប្រឹងបម្រះចេញពីមនុស្សឡប់នេះ រហូតទាល់តែរបូត ហើយក៏ទះគេមួយកំផ្លៀង៖
-គួរឱ្យខ្ពើមណាស់! មនុស្សថោកទាប!
មុននឹងរត់ចេញ ក៏ត្រូវតែជេរគេមួយម៉ាត់ដែរ ទើបអស់ចិត្ត។
អម្បាញ់មិញ ខ្ញុំដូចជាក្លាហានណាស់ វាយគេផង ជេរគេផង។ តែពេលនេះ ភាពទន់ជ្រាយបានចូលមកគ្របសង្កត់លើខ្ញុំហើយ។ ខ្ញុំរត់មកដល់សួនច្បារក៏ទន់ជង្គង់ អង្គុយយំមួយសន្ទុះ។
-ឈប់យំទៅ!
គឺជាសំឡេងរបស់នាយនិស្ស័យ ដ៏គំរក់នោះទៀតហើយ។ គេហុចក្រដាសជូតមាត់មកឱ្យខ្ញុំ។ ខ្ញុំម៉េចនឹងអាចយករបស់ពីមនុស្សស្មោគគ្រោកនេះបានទៅ។ ខ្ញុំក្រោកឈរឡើង សម្លក់គេ ហើយក៏ច្រានគេយ៉ាងខ្លាំងរហូតធ្វើឱ្យគេដួល ច្រត់ដៃទៅប៉ះអំបែងកែវ ហូរឈាមច្រើនណាស់។ ខ្ញុំមិនខ្វល់ពីគេទេ។ ខ្ញុំក៏រត់ទៅយកម៉ូតូ ហើយជិះចេញទៅ។ ជិះម៉ូតូបណ្តើរ លួងលោមខ្លួនឯងបណ្តើរ៖
-កុំយំអីហត្ថា! ឯងគឺជានារីដ៏រឹងមាំម្នាក់។ កុំដោយសារតែរឿងនេះ ធ្វើឱ្យឯងនៅមិនបានសុខនោះ។ ត្រូវគិតអ្វីៗក្នុងផ្លូវល្អណាទើបយើងអាចរីករាយបាន។ ត្រូវហើយ គេពិតជាបានថើបខ្ញុំមែន ហើយខ្ញុំខឹងគេ គឺខឹងណាស់ទៅហើយ តែវាបានប្រយោជន៍អីទៅ បើខ្ញុំនៅតែបន្តយំទៀតនោះ គឺវាមានតែធ្វើឱ្យហើមភ្នែកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ខ្ញុំក៏បានជេរគេ ទះកំផ្លៀងគេ និងបានច្រានគេឱ្យដួលរបួសដៃទៀតផង។ ការពិតទៅរឿងនេះ ក៏ខុសមកពីខ្ញុំដែរ។ មកពីលេងច្រើនពេកទើបទៅជាបែបនេះ។
—————
ខ្ញុំមិនចង់ឱ្យថ្ងៃស្អែកមកដល់នោះទេ តែថ្ងៃស្អែកនៅតែមកដល់តាមកាលកំណត់របស់ធម្មជាតិ។ តែថ្ងៃនេះ ចម្លែកណាស់ ដោយសារនាយនិស្ស័យ នោះមិនបានមករៀន។ ដល់ពេលបាត់គេ អ៊ីចឹងទៅ ខ្ញុំមានអារម្មណ៍ថាស្ងាត់ណាស់ ព្រោះ គ្មានអ្នកណាឈ្លោះជាមួយខ្ញុំ។ ប្រហែលជាគេខ្លាចខ្ញុំរករឿងហើយមើលទៅ ទើបមិនមករៀនបែបនេះ។
-ហត្ថា! ម៉េចក៏ថ្ងៃនេះ ដៃគូរបស់ឯងមិនមករៀនអ៊ីចឹង?
-ឯងថាអ្នកណាជាដៃគូរបស់ខ្ញុំ?
- គឺប្រធានថ្នាក់ស្បែកខ្មៅរបស់ឯងហ្នឹងណា!
-គេទៅស្លាប់នៅឯណាមានទាក់ទងអីនឹងខ្ញុំ!
-ម៉េចក៏និយាយបែបនេះ? ក្រែងឯងឧស្សាហ៍ជាប់មាត់ជាប់កជាមួយគេនោះអី!
-ជាប់មាត់ស្អី? គឺខ្ញុំទាស់សម្តីជាមួយគេ មិនមែនជាប់មាត់ស្អីនោះទេ។ ឈប់និយាយពាក្យនេះ ឱ្យខ្ញុំឮទៀតណាកញ្ញា ជាពិសេសគឺពាក្យដែលទាក់ទងជាមួយមាត់។
ពេលឮសម្តីរបស់កញ្ញា ធ្វើឱ្យខ្ញុំនឹកឃើញដល់ទង្វើដ៏អសីលធម៌របស់នាយនិស្ស័យម្នាក់នោះ មិនមែនទេ គួរតែហៅថា នាយក្សិណក្ស័យ ទើបសម។
-យាយប៉ិនេះ កើតអីថ្ងៃហ្នឹង បានជានិយាយស្តីប្លែកៗម្ល៉េះ! គ្រាន់តែនិយាយលេងផងក៏បាន។
ខ្ញុំមិនបានចាប់អារម្មណ៍ជាមួយនឹងសម្តីរបស់កញ្ញា ដែលរអ៊ូរទាំក្បែរត្រចៀករបស់ខ្ញុំនោះទេ ព្រោះកំពុងតែខឹងនាយនិស្ស័យ ដែលសមតែក្ស័យនោះ។
————–
ប៉ុន្មានយប់មកនេះ ខ្ញុំដេកមិនលក់សោះ ព្រោះចេះតែនឹកឃើញដល់នាយនិស្ស័យ។ មិនដឹងជាគេរវល់ធ្វើអីទើបមិនមករៀនបែបនេះ? ពីរបីថ្ងៃនេះ រមាស់មាត់ដល់ហើយ ព្រោះគ្មានអ្នកណា ឈ្លោះជាមួយខ្ញុំដូចពេលមុន។ អីយ៉ា! ខ្ញុំនិយាយពាក្យមាត់ទៀតហើយ! តាខ្មៅនេះ ពិតជាចង្រៃណាស់ ម្តងធ្វើឱ្យខ្ញុំនឹកគេ ម្តងធ្វើឱ្យខ្ញុំស្អប់គេ ខឹងគេ។
មួយអាទិត្យកន្លងផុតទៅ ទីបំផុតនិស្ស័យ ក៏បានមករៀនវិញ។ ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តម្ល៉េះ? គេដូចជាស្គមជាងមុន។ តើពេលបាត់មួយអាទិត្យនេះ គេបានធ្វើអ្វីខ្លះ?
គ្រាន់តែមិត្តភក្តិបានឃើញគេភ្លាម ទាំងពួកសង្គមវិទ្យា និងពួកសង្គមកិច្ច សុទ្ធតែនាំគ្នាសួរនាំគេគ្រប់ៗគ្នា ធ្វើមើលតែគេជាតារាល្បីអ៊ីចឹង។ ប៉ុន្តែនៅក្នុងថ្នាក់នេះ និស្ស័យមានប្រជាប្រិយភាពណាស់ ។ គេរួសរាយ និងរាក់ទាក់ចំពោះមនុស្សគ្រប់គ្នា លើកលែងតែខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនរវល់សួរសុខទុក្ខគេស្អីនោះទេ តែគេអង្គុយនៅខាងក្រោយខ្ញុំ ដូច្នេះ ផ្ទៀងត្រចៀកស្តាប់គេលេងៗទៅ ក៏មិនទាស់ខុសអីដែរ។
-គ្មានអីទេ! គឺខ្ញុំមានការរវល់បន្តិចបន្តួច ទើបខានបានមករៀនមួយអាទិត្យបែបនេះ។
និយាយដូចអត់និយាយអ៊ីចឹង! ម៉េចក៏មិនបញ្ជាក់ប្រាប់គេផង ថារវល់អី…
-រវល់ធ្វើអីខ្លះបានជាស្គមម៉្លេះ?
សួរបានល្អណាស់ ខ្ញុំក៏ចង់ដឹងដែរ។
-និស្ស័យ ប្រហែលជាទៅការប្រពន្ធហើយមើលទៅ ហើយមួយយប់ៗរវល់ពេកទើបស្គមបែបនេះ។
ហ៊ើយ! ពាក្យផ្តេសផ្តាសបែបនេះ ក៏និយាយមកកើតដែរនាយម្នាក់នេះ ហើយនៅនាំគ្នាសើចទៀត។ ម៉េចក៏មិនឱ្យសាមីខ្លួនគេឆ្លើយដោយខ្លួនឯង?
-បានហើយ! ឈប់និយាយលេងទៅ? ត្រឡប់ទៅកន្លែងវិញទៅ លោកគ្រូមកហើយ។
លោកគ្រូមកបាត់ទៅហើយ ខ្ញុំមិនទាន់បានដឹងចម្លើយរបស់នាយនិស្ស័យ ផង។ ថ្ងៃនេះ ម៉ោងដំបូងគឺម៉ោងសង្គមវិទ្យា។ លោកគ្រូម៉ោងនេះ កាចណាស់។ កាលពីអាទិត្យមុន ពេលនាយនិស្ស័យ អត់មករៀន លោកគ្រូខឹងណាស់ ព្រោះគេជាអ្នកកាន់ហ្វឺត ហើយកាន់សៀវភៅសម្រង់អត្ថបទទៀត។ ទោះបីជាកាលនោះ គាត់បានប្រើហ្វឺតរបស់ពួកសង្គមកិច្ចក៏ដោយ ក៏គាត់នៅតែប្រកាន់ ហើយបន្ទោសថា នាយនិស្ស័យ នេះ ជាមនុស្សគ្មានការទទួលខុសត្រូវ។
-និស្ស័យ ចេញមកណេះ!
តើលោកគ្រូវចង់ធ្វើអីអីចេះ គ្រាន់តែឃើញមុខនិស្ស័យភ្លាម ក៏ហៅគេចេញទៅជួបគាត់។ ឬមួយក៏គាត់នៅខឹងនឹងរឿងពីអាទិត្យមុនទៀត? គ្រាន់តែនិស្ស័យទៅដល់ភ្លាម លោកគ្រូក៏សាប់១០០ៗ តែម្តង។ សំឡងរបស់គាត់ឡើងទ្រហឹងពេញថ្នាក់៖
-ហើយប្អូនឯងបាត់ទៅណាមួយអាទិត្យ? ប្អូនឯងធ្វើជាប្រធានថ្នាក់យ៉ាងម៉េចហ្នឹង ឈប់ឥតច្បាប់ទម្លាប់បែបនេះ។ ដឹងទេ គ្រូមុខវិជ្ជាដទៃទៀត គេរអ៊ូដាក់ខ្ញុំ គេថាថ្នាក់សង្គមនេះ មានប្រធានថ្នាក់ដូចប្អូនឯង ពិតជាយ៉ាប់ណាស់។ គេថាប្អូនឯងជាមនុស្សខ្ជីខ្ជា ធ្វើជាប្រធានថ្នាក់ បើចង់ឈប់ម៉េចក៏មិនឱ្យហ្វឺតទៅគេកាន់ ធ្វើឱ្យគ្រូគ្មានហ្វឺតប្រើ ហើយសៀវភៅសម្រង់អត្ថបទក៏យកទៅតាមទៀត។
ខ្ញុំស្តាប់មិនឮអ្វីដែលនាយនិស្ស័យ តបទៅលោកគ្រូវិញនោះទេ គេអោនមុខចុះ ហើយនិយាយតិចៗទៀតផង៖
-ស្អី? ទើបចូលរៀនមិនទាន់បានមួយខែផង ក៏ធ្វើការទៅហើយ។ ទើបរៀនឆ្នាំទីមួយសោះ ប្អូនឯងអីក៏រហន់រកបទពិសោធន៍ម្ល៉េះ។ ហើយវាបានចំណេញច្រើនប៉ុនណាទៅ បើដោយសារតែធ្វើការធ្វើឱ្យប្អូនឯងអវត្តមានមួយអាទិត្យបែបនេះ។ បានហើយ ទៅកន្លែងវិញទៅ ថ្ងៃក្រោយកុំឱ្យមានរឿងបែបនេះទៀត។
ពេលនេះ ខ្ញុំបានដឹងពីមូលហេតុដែលនាំឱ្យនាយនិស្ស័យ អត់មករៀនហើយ។ មិនដឹងថាគេខ្មាសមិត្តរួមថ្នាក់ប៉ុនណាទេ កាលបើត្រូវលោកគ្រូស្តីឱ្យកណ្តាលចំណោមបែបនេះ។ ខ្ញុំគួរតែសប្បាយចិត្តទើបត្រូវ ព្រោះគេជាសត្រូវរបស់ខ្ញុំ។ បើដូចជាពេលមុនវិញ ខ្ញុំប្រាកដជានឹងសើចចម្អកឱ្យគេជាមិនខាន។ តែមិនដឹងហេតុអីទេ ពេលនេះខ្ញុំបែរជាអារម្មណ៍ថា អាណិតគេទៅវិញ។
ពេលចេញលេង ខ្ញុំអង្គុយផឹកទឹកអំពៅជាមួយកញ្ញា៖
-ហត្ថា! ម៉េចក៏មិនផឹកទៅ នៅអង្កៀមទុយោលេងមើលតែកូនក្មេងបែបនេះ? ឯងកើតអី?
-គ្នាគ្មានកើតស្អីទេ គ្រាន់តែនឹកអាណិតនិស្ស័យ ដែលត្រូវគ្រូស្តីឱ្យហ្នឹងណា!
ខ្ញុំនិយាយពាក្យនេះចេញមកទាំងមិនដឹងខ្លួន ធ្វើឱ្យកញ្ញា ភ្ញាក់ដល់ឈ្លក់ទឹកអំពៅ៖
-នែ ហត្ថា! ខ្ញុំស្តាប់ច្រឡំទេដឹង? ឯងចេះអាណិតគេតាំងពីអង្កាល់?
ដើម្បីកុំឱ្យកញ្ញាយល់ច្រឡំ ខ្ញុំក៏ធ្វើជាសើច៖
-ហាស ហា! នេះឯងក៏ជឿខ្ញុំដែរមែនទេ? ខ្ញុំធ្វើសមណាស់ហ្អស់? ខ្ញុំនិយាយលេងទេតើ! មានរឿងអីដែលខ្ញុំត្រូវអាណិត…អាណិតនាយស្បែកខ្មៅនោះ។ ខ្ញុំ…ខ្ញុំមានតែសប្បាយចិត្តទើបត្រូវ។ …សមមុខគេហើយ ដែលត្រូវគ្រូ…ស្តីឱ្យបែបនេះ។ គ្រូស្តីឱ្យប៉ុណ្ណឹងនៅស្ទើរពេកផង បើជាខ្ញុំវិញ នែ…ខ្ញុំ..ខ្ញុំនឹងជេរគេផង វាយគេផង ធ្វើឱ្យគេ…ធ្វើឱ្យគេងើបមុខមិនរួចនៅចំពោះមុខមិត្តរួមថ្នាក់។
ពេលនិយាយកុហក ពិតជាពិបាកដល់ហើយ! មានអារម្មណ៍ថា កំពុងតែក្បត់ខ្លួនឯង។
-បានហើយ ឈប់និយាយទៅ។ ឯងមើលក្រោយខ្នងឯងទៅ តើអ្នកណាមកនោះ?
គឺនាយនិស្ស័យ ទេតើ! ស្លាប់ហើយ មិនដឹងថា គេបានឮខ្ញុំនិយាយពាក្យទាំងនោះ ឬអត់ទេ។ ខ្ញុំប្រើពាក្យធ្ងន់បន្តិចហើយ តិចលោធ្វើឱ្យគេឈឺចិត្តទៅ? យី! ខ្ញុំក្លាយទៅជាចេះបារម្ភពីគេតាំងពីអង្កាល់?
-ណេះ! ខ្ញុំមានសមត្ថភាពត្រឹមតែប៉ុណ្ណឹងទេ! សូមទោស។
ធ្វើស្អីហ្នឹងនាយនិស្ស័យឡប់? មកដល់ក៏បោះសំបុត្រមួយឱ្យខ្ញុំ ហើយនិយាយបានតែប៉ុន្មានម៉ាត់ក៏ដើរចេញទៅ។
-ស្អីគេហ្នឹងហត្ថា? បើកមើលមើល៍!
ការពិតស្រោមសំបុត្រនេះ គឺជាលុយទេតើ! ក្នុងនេះមានប្រាក់៧០$។ ការពិតគេរកការងារធ្វើ ដើម្បីយកលុយសងខ្ញុំមែនទេ?
-មានរឿងអីហ្នឹងហត្ថា? ហេតុអីក៏និស្ស័យឱ្យលុយឯង?
-គេសងថ្លៃកុំព្យូរទ័ររបស់ខ្ញុំ។
-កុំព្យូទ័រ? កុំព្យូទ័រឯងខូចអី? ម្សិលមិញឃើញនៅប្រើការបានសោះ។
យាយប៉ិនេះសួរដេញដោលច្រើនម្ល៉េះ ខ្ញុំកំពុងតែពិបាកចិត្តពីលុយរបស់និស្ស័យ តើគួរយក ឬប្រគល់ឱ្យគេវិញ ព្រោះកុំព្យូទ័ររបស់ខ្ញុំមិនបានខូចផង។ តែបើយក ក៏មិនទាស់ខុសអ្វីនោះដែរ ព្រោះគេបានបំពានលើខ្ញុំ។ ប៉ុន្តែ វាក៏មិនសម ព្រោះដោយសារតែរកលុយនេះ ធ្វើឱ្យគេត្រូវអត់បានមករៀន ហើយត្រូវគ្រូស្តីឱ្យទៀត។ ហើយអម្បាញ់មិញ គេក៏បាននិយាយសូមទោសមួយម៉ាត់ដែរតើ! តែបើខ្ញុំយកទៅឱ្យគេវិញ ហើយប្រាប់ការពិតដល់គេនោះ តិចលោគេខឹងខ្ញុំទៅ ហើយបើគេទប់ចិត្តមិនបានហើយថើបខ្ញុំដូចថ្ងៃមុនទៀតនោះ ខ្ញុំមិនស៊យធំទៅហើយ។ តែមិនអីនោះទេ ធ្លាប់មានបទពិសោធន៍ម្តងរួចទៅហើយ ខ្ញុំម៉េចនឹងថ្លោះធ្លោយទៀតទៅ។
-នែ ហត្ថា! មានឮខ្ញុំសួរដែរទេ?
ខ្ញុំក៏យករឿងថ្ងៃនោះប្រាប់កញ្ញា គឺរឿងដែលខ្ញុំបញ្ឆោតនិស្ស័យថា កុំព្យូទ័រខ្ញុំខូចដោយសារគេ។ តែខ្ញុំមិនបានប្រាប់យាយប៉ិនេះ ពីរឿងដែល តាឡប់នោះថើបខ្ញុំទេ។
-ឯងសម្រេចចិត្តត្រូវហើយ ហត្ថា។ ខ្ញុំគាំទ្រឯង។
ពេលចេញទៅផ្ទះ ខ្ញុំបានជួបនិស្ស័យនៅកន្លែងផ្ញើកង់ម៉ូតូ ខ្ញុំក៏យកសំបុត្រនោះ ដាក់ចូលទៅក្នុងកន្ត្រកកង់របស់គេ៖
-យកលុយនេះទៅវិញទៅ! ការពិតកុំព្យូទ័ររបស់ខ្ញុំមិនបានខូចនោះទេ។ នៅថ្ងៃនោះ ខ្ញុំគ្រាន់តែបំភ័យនាយលេងទេតើ!
គេប្រាកដជាខឹងនឹងខ្ញុំមិនខានទេ ពេលដែលដឹងថា ខ្ញុំកុហកគេកាលថ្ងៃមុននោះ។
-កុំព្យូទ័ររបស់នាង ពិតជាមិនបានខូចមែនហ្អែស? អរគុណហើយណា!
មិនមែនទេហ្អី? គេមិនត្រឹមតែមិនបញ្ចេញអាការៈខឹងសម្បារចំពោះខ្ញុំទេ ហើយថែមទាំងញញឹមបង្ហាញថ្ពាល់ទាំងសងខាងទៀត។ នេះជាលើកទីមួយហើយ ដែលខ្ញុំមានអារម្មណ៍ថាគេសង្ហា។ ប្រហែលមកពីរាល់ដង គេមិនដែលញញឹម ឬសើចដាក់ខ្ញុំ ទើបខ្ញុំយល់ថាគេអត់ស្អាត។ តែដល់ពេលគេញញឹមអ៊ីចឹងទៅស្អាតដែរតើ ព្រោះបានថ្ពាល់ខួចយោង៖
-អរគុណអី?
-អរគុណដែលបានប្រគល់លុយឱ្យខ្ញុំវិញហ្នឹងណា!
គួរតែខឹងខ្ញុំទើបត្រូវ ចាំបាច់អរគុណធ្វើអី? ឬគួរតែនិយាយថា សមមុខហើយ លេងសើចច្រើនពេក ទីបំផុតត្រូវចំណេញបានគេចាប់ប៊ឺតមាត់លេង។ ហ៊ើយ! រំឭករឿងនេះធ្វើអីទៅ នាំតែក្តៅចិត្ត។
-ខ្ញុំមិនយកទេ ទោះយ៉ាងណាក៏ខ្ញុំមានខុសដែរ ព្រោះនៅថ្ងៃនោះ ខ្ញុំបាន…
-ឈប់និយាយទៅ! លុយអាចសងថ្លៃខូចខាតចំពោះតែទំនិញ ឬរបស់ផ្សេងៗតែប៉ុណ្ណោះ តែលុយមិនអាចសងកិតិ្តយសបាននោះទេ។
បើខ្ញុំទទួលកលុយពីគេ ប្រៀបដូចជាខ្ញុំលក់ស្នាមថើបរបស់ខ្ញុំឱ្យគេអ៊ីចឹង។ បើចង់សងមែន សងសុភមង្គលមួយឱ្យខ្ញុំទៅ។ យី! ខ្ញុំនិយាយឆ្កួតអីហ្នឹង?
—————-
មុខវិជ្ជាគណិត គឺជាសត្រូវរបស់ខ្ញុំ។ ឱ្យតែដល់ម៉ោងនេះ គឺខ្ញុំឈឺក្បាលហើយ។ នៅពេលចេញលេង ខ្ញុំនៅអង្គុយក្នុងថ្នាក់ជាមួយកញ្ញា ពិភាក្សាពីលំហាត់ប្រូបាប ព្រោះខ្ញុំមិនសូវចេះ៖
-បើមិនយល់អាចសួរខ្ញុំបាន។
នាយនិស្ស័យ អើតកចូលមកនិយាយប្រាប់ខ្ញុំ…
-អរគុណហើយ មិនទាន់ដល់ពេលដែលខ្ញុំត្រូវការពឹងនាយឱ្យជួយនោះទេ។ តែបើនៅធ្វើលំហាត់ជាមួយកញ្ញាតែពីរនាក់ ខ្ញុំមានអារម្មណ៍ថាស្រួលចិត្តជាង។
ខ្ញុំដូចជាវាយឫកបន្តិចហើយ។ រៀនកំពុងតែអត់ចេះ ហើយនាយនិស្ស័យ ក៏មានចិត្តចង់ជួយ តែខ្ញុំបែរដេញគេចេញ។ គេធ្វើមុខឡើងស្មើ រួចកាន់សៀវភៅមួយក្បាលដើរចេញទៅ។ ខ្ញុំមានអារម្មណ៍ថាស្តាយក្រោយយ៉ាងម៉េចមិនដឹងទេ។
-ហត្ថា! ធ្វើស្អីហ្នឹង? កំពុងតែអត់ចេះផងនៅដេញគេចេញទៀត។ …នែ! បងខ្មៅរបស់ឯងឥឡូវដូចជា ប្តូរចរិត។ គេមិនដែលទាស់សម្តីជាមួយឯងទៀតទេ។
-អ៊ីចឹងមិនល្អទេឬ ខ្ញុំក៏មិនសូវសង្កៀរត្រចៀក។ ….នែ! ការពិតទៅ គេគ្រាន់តែសម្បុរស្រអែមប៉ុណ្ណោះ ហេតុអីក៏ឯងចាំបាច់ថា គេខ្មៅ?
-នែ យាយឡប់! ពាក្យនេះ ខ្ញុំរៀនតាមឯងទេ។ តាខ្មៅ តាសក់ក្រញាញ់ តាក្ស័យ តារូបអាក្រក់…ពាក្យនេះ សុទ្ធតែឯងប្រើនៅពេលដែលនិយាយដើមគេជាមួយខ្ញុំ។
ត្រូវហើយ! និស្ស័យ ប្តូរចរិត ខ្ញុំក៏ប្តូរចរិតដែរមែនទេ? ខ្ញុំនិយាយបន្លប់៖
-កញ្ញា! ខ្ញុំអត់ចេះធ្វើលំហាត់នេះទេ។ អាទិត្យក្រោយគ្រូយកហើយ តើបានអីឱ្យគ្រូ?
-គឺមកពីឯងហ្នឹងណា ធ្វើឫកគ្រាន់បើ! ឥឡូវនេះ តើមានអ្នកណាជួយឯងទៀត។ សូម្បីតែខ្ញុំក៏អត់សូវចេះដែរ។
ពេលចេញទៅផ្ទះ នាយនិស្ស័យ ក៏ហុចសៀវភៅរបស់គេឱ្យខ្ញុំ៖
-លំហាត់ប្រូបាបខ្ញុំធ្វើរួចហើយ យកទៅមើលលេងៗទៅ បើអត់យល់ត្រង់ណា អាចសួរខ្ញុំបាន។
ចិត្តល្អនឹងខ្ញុំម៉្លេះ? ប៉ុន្តែទាល់ច្រកទៅហើយ មានតែធ្វើមុខក្រាស់ទទួលសៀវភៅរបស់គេទៅចុះ ម្យ៉ាងទៀត ខ្ញុំក៏អត់មានបានពឹងគេឱ្យជួយនោះដែរ គឺគេស្ម័គ្រចិត្តដោយខ្លួនឯងទេតើ!
-អរគុណហើយ។ ស្អែកចាំខ្ញុំសងវិញ។
យប់នេះខ្ញុំមើលមេរៀនសម្រាប់រៀននៅថ្ងៃស្អែករួច ក៏យកសៀវភៅរបស់នាយនិស្ស័យ មកមើល។ ពេលបើកចំទំព័រលំហាត់ ខ្ញុំក៏បានឃើញក្រដាសមួយសន្លឹកនៅក្នុងនោះ។ លើក្រដាសនោះមានឈ្មោះរបស់ខ្ញុំ និងមានអក្សរជាច្រើនបន្ទាត់។
-ក្រដាសស្អីហ្នឹង? មានឈ្មោះរបស់ខ្ញុំទៀត។ គេសរសេរឱ្យខ្ញុំមែនទេ? មិនទុកថាលួចមើលរបស់គេផ្តេសផ្តាសនោះទេ ព្រោះមានឈ្មោះរបស់ខ្ញុំដែរតើ!
ព្រះអើយ! ការពិត…ការពិត…និស្ស័យគេ……គិតយ៉ាងម៉េចទៅ…….
——————–
ព្រលឹមឡើង ពេលទៅរៀនអង់គ្លេសនៅភូមិន្ទ ខ្ញុំបានដាក់សៀវភៅលំហាត់របស់និស្ស័យ ទៅតាម។ បើជួបគេ ខ្ញុំនឹងប្រគល់ឱ្យគេវិញ។ ពេលឡើងទៅដល់ជាន់ទីប្រាំមួយ ខ្ញុំក៏បានជួបនិស្ស័យ ដូចចិត្តមែន។ គេកំពុងឈរនៅមុខបន្ទប់។ ថ្នាក់គេស្ងាត់ណាស់ មានតែគេម្នាក់ប៉ុណ្ណោះ ដែលមកដល់មុនគេ។ គេញញឹមពព្រាយ កាលបើឃើញមុខរបស់ខ្ញុំ។
-ណេះខ្ញុំសងសៀវភៅវិញ។ យប់មិញខ្ញុំងងុយដេកណាស់ មិនបានយកមកមើលនោះទេ។
-មិនអីទេ មើលហើយ ឬធ្វើហើយពេលណា ឱ្យខ្ញុំពេលនោះក៏បានដែរ។ យកទៅមើលសិនទៅ។
-ខ្ញុំអត់យកទេ។
ខ្ញុំហុចសៀវភៅឱ្យគេ គេក៏រុញមកឱ្យខ្ញុំវិញ រុញទៅរុញមក សៀវភៅក៏ធ្លាក់ ហើយក្រដាសមួយសន្លឹកដែលខ្ញុំបានមើលកាលពីយប់មិញនោះ ក៏ជ្រុះចេញមក។ បេះដូងរបស់ខ្ញុំលោតញាប់ម្ល៉េះ។ ទឹកមុខរបស់ខ្ញុំមិនអាចលាក់បាំងគេបានទេ គេប្រាកដជាដឹងថាខ្ញុំក៏បានមើលឃើញវាដែរ។ ខ្ញុំបម្រុងនឹងដើរចេញ ស្រាប់គេចាប់ដៃខ្ញុំជាប់។
នែ! នាយនិស្ស័យ! ខ្ញុំសូមព្រមានឱ្យហើយ បើហ៊ានថើបខ្ញុំទៀត ខ្ញុំលែងគួរសមហើយ ខ្ញុំនឹងធាក់នាយឱ្យធ្លាក់ពីជាន់ទី៦ នេះតែម្តង។
-ហត្ថា! ខ្ញុំស្រឡាញ់ហត្ថា។
ហេតុអីក៏និយាយផុយយ៉ាងនេះ? មានដឹងទេ ថាពេលនេះ ខ្ញុំកំពុងតែអៀន? សំណាងហើយ ដែលអត់ទាន់មាននរណាឡើងមក។
-ការពិត ហត្ថាក៏បានមើលក្រដាសសារភាពរបស់ខ្ញុំដែរតើមែនទេ? ហេតុអីក៏ចាំបាច់កុហកខ្ញុំ?
-ព្រោះខ្ញុំមិនដែលគិតពីរឿងនេះ។ ខ្ញុំមិនបានស្រឡាញ់និស្ស័យនោះទេ។
-ហេតុអី?
-ព្រោះយើងខុសគ្នាច្រើនចំណុចណាស់។ ខ្ញុំជាស្រីស្អាត ខ្ញុំមានទូរស័ព្ទដៃល្អ មានកុំព្យូទ័រល្អប្រើ មានម៉ូតូជិះ ចុះនិស្ស័យវិញ? និស្ស័យមានអ្វីខ្លះ? មានតែធ្វើឱ្យខ្ញុំខ្មាសគេទេ បើខ្ញុំក្លាយជាសង្សាររបស់និស្ស័យ។ សូមទោស។
ពេលនិយាយពាក្យទាំងនេះរួច ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាណិតគេខ្លាំងណាស់។ តើគេឈឺចិត្តយ៉ាងណាទៅ? ខ្ញុំនិយាយជ្រុលពេលហើយ ខ្ញុំកំពុងតែមើលងាយគេ។ គេលែងដៃខ្ញុំហើយ។
-មិនអីទេ។ ខ្ញុំមិនបង្ខំចិត្តហត្ថាទេ។ ឱ្យតែហត្ថាសប្បាយចិត្ត ហត្ថាចង់គិតយ៉ាងម៉េចចំពោះខ្ញុំក៏បានដែរ ទោះបីជាហត្ថាមិនស្រឡាញ់ខ្ញុំ តែសង្ឃឹមថា ហត្ថានឹងទុកខ្ញុំជាមនុស្សល្អម្នាក់។ ចិត្តខ្ញុំចំពោះហត្ថា មិនប្រែប្រួលទេ។ ខ្ញុំនឹងសារភាព១០០ដង ១០០០ដង ទោះបីជាគ្មានលទ្ធផលក៏ដោយ។
គេប្រគល់សៀវភៅលំហាត់នោះមកឱ្យខ្ញុំវិញ។ ខ្ញុំនេះមុខក្រាស់ណាស់ ធ្វើឱ្យគេឈឺចាប់ហើយ នៅទទួលការជួយពីគេទៀត។ ពេលដើរចេញពីគេ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែក្បត់ខ្លួនឯង។ ខ្ញុំមិនដឹងថាចិត្តរបស់ខ្ញុំកំពុងតែគិតអ្វីនោះទេ។ ម៉េចក៏ខ្ញុំបារម្ភពីការឈឺចាប់របស់គេម្ល៉េះ?
———————
ពេលវេលាដូចជាដើរលឿនណាស់ ទីបំផុតការប្រឡងឆមាសលើកទីមួយក៏ជិតមកដល់។ ខ្ញុំភ័យណាស់ ខ្លាចតែធ្លាក់មុខវិជ្ជាគណិតទេ ព្រោះកំពុងតែខ្សោយស្រាប់ផង។ យប់នេះ កញ្ញាបានទូរស័ព្ទមកខ្ញុំ ព្រោះគេក៏កំពុងតែបារម្ភពីការប្រឡងមុខវិជ្ជាគណិតដែរ៖
-ឱ្យនិស្ស័យជួយបង្រៀនទៅ ហត្ថា!
-បើឯងចង់ឱ្យគេបង្រៀន ប្រាប់គេខ្លួនឯងទៅ
-តែខ្ញុំមិនមែនជាពួកសង្គមវិទ្យាឯណា!
-ទោះយ៉ាងណាក៏យើងរៀនថ្នាក់ជាមួយគ្នាដែរ ហើយគេចិត្តល្អយ៉ាងនេះ គេប្រាកដជាជួយឯង។
-ចុះឯងវិញហត្ថា?
-ឯងពឹងគេទៅ បើគេព្រម ស្អែកថ្ងៃអាទិត្យនេះ ឯងឱ្យគេទៅភូមិន្ទទៅ ខ្ញុំទៅជាមួយឯងដែរ។
-មិនអីទេ ខ្ញុំនឹងទូរស័ព្ទទៅគេ ហើយប្រាប់ថាឯងឱ្យខ្ញុំតេទៅ។ គេប្រាកដជាជួយមិនខាន
-នែ! កញ្ញា កុំឱ្យសោះណា!
យី! យាយឡប់នេះ បិទទូរស័ព្ទបាត់។ តើខ្ញុំអាក្រក់ណាស់មែនទេ? មិនស្រឡាញ់គេហើយ នៅរំខានគេទៀត។ ពេលវេលាកន្លងទៅមួយខែទៅហើយ មិនដឹងថាគេភ្លេចខ្ញុំហើយឬនៅទេ? ចិត្តមនុស្សពិបាកស្មានណាស់។ គេនិយាយថា ចិត្តគេនៅតែស្រឡាញ់ខ្ញុំជានិច្ច។ តែបើគេជួបនឹងអ្នកថ្មី គេប្រាកដជាឈប់រវល់នឹងខ្ញុំជាមិនខាន។
—————-
ធម្មតាថ្ងៃអាទិត្យ គួរតែគេងឱ្យបានយូរបន្តិច តែព្រឹកនេះ ដោយសារតែត្រូវទៅភូមិន្ទជាមួយកញ្ញា និងនិស្ស័យ នៅម៉ោង ៨ ដូច្នេះ ខ្ញុំមិនអាចដេកទ្រមក់បានទេ។
ពេលទុកដាក់ម៉ូតូនៅកន្លែងផ្ញើរួច ខ្ញុំក៏ដើរទៅបណ្ណាល័យ ហើយចុះទៅខាងក្រោម រកបង់ទំនេរអង្គុយ៖
-យាយកញ្ញានេះ យ៉ាប់មែន? ណាត់គ្នាថាម៉ោង ៨។ ឥឡូវមិនទាន់មកដល់ទៀត។
-ហត្ថា! មកខាងណេះមក!
គឺជានិស្ស័យ គេកំពុងតែអង្គុយម្នាក់ឯង។ ខ្ញុំក៏សួរ៖
-ចុះឯណាកញ្ញា?
-គេទូរស័ព្ទប្រាប់ខ្ញុំថា គេបើកភ្នែកមិនរួចទេ ចង់នៅគេងបន្តទៀត
-យ៉ាប់មែន យាយប៉ិនេះ! ចុះម៉េចក៏គេមិនតេមកខ្ញុំ?
-គេខ្លាចហត្ថាខឹង។
នៅជាមួយគេតែពីរនាក់បែបនេះ ខ្ញុំដូចជាអៀនណាស់។ ហត្ថា! ភាពរឹងមាំរបស់ឯង កាលពីមុនបាត់ទៅណាអស់ហើយ ម៉េចក៏ចេះតែអឹមអៀនបែបនេះ?
គេនៅតែទន់ភ្លន់ចំពោះខ្ញុំដដែល។ ស្នាមញញឹមរបស់គេ ការយកចិត្តទុកដាក់ពន្យល់មេរៀនប្រាប់ខ្ញុំ គឺគ្មានចំណុចណាមួយដែលបង្ហាញថា គេអន់ចិត្តនឹងខ្ញុំដែលមិនស្រឡាញ់គេនោះទេ។ ក្រៅពីមុខមាត់មិនសូវស្អាត គេក៏នៅមានចំណុចល្អជាច្រើនដែរ បើនិយាយពីរូបរាងវិញ គឺគេខ្ពស់ ញញឹមខួច ហើយចិត្តល្អ រៀនពូកែ ចូលចិត្តជួយអ្នកដទៃ និងជាមនុស្សមានអនាម័យ។ រាល់លើក ពេលដែលខ្ញុំនៅជិតគេ គឹអាចដឹងបានថា គេមិនមានធំក្លិនខ្លួន ឬក្លិនញើសអីនោះទេ។
-ហត្ថា! យល់ដែរទេ?
ខ្ញុំរវល់តែវិភាគពីចំណុចល្អរបស់គេ ភ្លេចស្តាប់គេពន្យល់មេរៀនបាត់ទៅហើយ។
-សូមទោស អាចពន្យល់ខ្ញុំម្តងទៀតបានទេ ព្រោះខ្ញុំចាប់អត់ទាន់។
-មិនអីទេ ប្រហែលមកពីខ្ញុំពន្យល់លឿនពេក
គេនៅតែរក្សាស្នាមញញឹមដ៏ទន់ភ្លន់របស់គេចំពោះខ្ញុំ។ ខ្ញុំយល់ច្រើនជាងមុនហើយ គិតៗទៅដល់ពេលយល់មេរៀន ចេះធ្វើលំហាត់បែបនេះ ខ្ញុំមានអារម្មណ៍ថា លែងស្អប់មុខវិជ្ជាគណិតទៀតហើយ។
ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តអ្វីម្ល៉េះទេ។ ដោយសារតែខ្ញុំបានយល់លំហាត់គណិតមែនទេ ឬក៏ខ្ញុំបាននៅជាមួយនិស្ស័យ ស្តាប់គេពន្យល់មេរៀន? ខ្ញុំកំពុងគិតអីផ្តេសផ្តាសទៀតហើយ។
—————————–
ពេលវេលាប្រឡងឆមាសលើកទីមួយ ក៏មកដល់។ ពេលប្រឡងរួចមួយមុខៗ ខ្ញុំសប្បាយចិត្តណាស់ ហើយក៏គ្មានបារម្ភថា ខ្លាចប្រឡងសងអ្វីដែរ ព្រោះមុខវិជ្ជាដែលពិបាកបំផុតសម្រាប់ខ្ញុំ ក៏ខ្ញុំអាចធ្វើបានដែរ។ នេះគឺជាគុណសម្បត្តិរបស់និស្ស័យ។
ពេលប្រឡងរួច ខ្ញុំ និង កញ្ញា ក៏បបួលគ្នាទៅហូបសាច់គោអាំងនៅហាងមួយ ម្តុំ PIZZA COMPANY។ ខ្ញុំភ្ញាក់ផ្អើលមែនទែន ពេលដែលបានឃើញនិស្ស័យ ធ្វើជាអ្នករត់តុនៅទីនោះ។
-ហត្ថា! នោះគឺនិស្ស័យតើ!
-អេ សួស្តីស្រីស្អាតទាំងពីរ! ត្រូវការពិសាអ្វីដែរ?
និស្ស័យ មករាក់ទាក់ជាមួយពួកខ្ញុំ។ គេជាមនុស្សសុទិដ្ឋិនិយមណាស់។ គេអត់មានអារម្មណ៍ថា ខ្មាសខ្ញុំនោះទេ ក្នុងការដែលមកធ្វើការងារបែបនេះ។ ពេលឃើញគេដំបូង ខ្ញុំអាណិតគេមែនទែន តែដល់ពេលឃើញគេ ញញឹមរួសរាយធម្មតា ខ្ញុំក៏ធូរចិត្តច្រើន។
-យកសាច់គោពីរចាន និងនំប៉័ងពីរកំណាត់។
កញ្ញា ជាអ្នកកុំម៉ង់ ពេលយើងទៅញ៉ាំសាច់អាំងនៅកន្លែងណាក៏ដោយ ក៏តែងតែហៅបែបនេះដែរ។
-គិតទៅនិស្ស័យ តស៊ូដល់ហើយ។
កញ្ញា និយាយប្រាប់ខ្ញុំ នៅពេលដែលនិស្ស័យដើរចេញទៅ។
-ការពិតទៅ ធ្វើការងារបែបនេះ មិនបានប្រាក់ខែច្រើនប៉ុន្មានទេ តែយ៉ាងណា ក៏អាចជួយម៉ែឪនៅស្រុកបានដែរ ដោយពួកគាត់មិនចាំបាច់ហត់ផ្ញើលុយឱ្យចាយ មែនទេហត្ថា?
-ចាស!
គេរៀនដល់ទៅពីរវេនហើយ នៅមានពេលធ្វើការទៀត ប្រហែលជាធ្វើដល់យប់ជ្រៅហើយមើលទៅ តែគេនៅតែរៀនពូកែ។
—————————–
ទីបំផុត ពួកនិស្សិតឆ្នាំទីមួយក៏ត្រូវចូលរៀនឆមាសទីពីរ។ ថ្ងៃនេះ ពេលចេញលេង ខ្ញុំក៏បបួលកញ្ញា ទៅបន្ទប់ទឹក។ ខ្ញុំបានឮពួកស្រីៗថ្នាក់ខ្ញុំ ដែលចូលបន្ទប់ទឹកដែរ និយាយពីនិស្ស័យ៖
-នែ! ប្រធានថ្នាក់យើងរៀនពូកែដល់ហើយ ចាំមើលណាលទ្ធផលប្រឡងឆមាសទីមួយចេញមក គាត់ប្រាកដជាបានពិន្ទុខ្ពស់ជាងគេហើយ។
-បើអ្នកណាបានធ្វើសង្សារគាត់ ពិតជាសំណាងហើយ។ នេះគេហៅថា ប្រុសសង្ហាដោយចំណេះវិជ្ជា
-មិនដឹងជាគាត់មានសង្សារហើយឬនៅទេន៎! ហើយតើគាត់ស្រឡាញ់ស្រីប្រភេទណា?
ឮពួកគេនិយាយបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ដូចជាខ្លាចបាត់បង់គេ។ ឬមួយក៏ដូចជាការទិញទំនិញ ដែលពេលមិនទាន់មានអ្នកណាចូលមើល ទំនិញនោះហាក់ដូចជាគ្មានតម្លៃនោះទេ តែដល់ពេលមានមនុស្សច្រើនដណ្តើមគ្នាទិញ សូម្បីតែអ្នកដែលដើរមើល ក៏យល់ថាទំនិញនោះពិតជាមានតម្លៃដែរ។
មកដល់ក្នុងថ្នាក់វិញ ខ្ញុំឃើញនិស្ស័យ កំពុងតែជជែកគ្នាលេងសើចកក្អឹកជាមួយពួកស្រីៗថ្នាក់សង្គមកិច្ច។ មាត់ថាស្រឡាញ់ខ្ញុំ តែដល់ពេលខ្ញុំមិននៅក៏ដើរពង្រាយមន្តស្នេហ៍ដាក់មនុស្សស្រីគ្រប់គ្នា។ ប្រាប់តាមត្រង់ចុះ ខ្ញុំកំពុងតែប្រចណ្ឌហើយ ដឹងទេនាយនិស្ស័យ?
យប់នេះ ខ្ញុំកំពុងតែមើលសៀវភៅអង់គ្លេស ស្រាប់តែទូរស័ព្ទដៃរបស់ខ្ញុំរោទ៍។ គឺលេខរបស់និស្ស័យទេតើ! គេកម្រទូរស័ព្ទមកខ្ញុំណាស់៖
-ហត្ថា! កំពុងតែធ្វើអីហ្នឹង?
-ខ្ញុំកំពុងមើលមេរៀនអង់គ្លេសក្នុងសៀវភៅ Touch Stone ហ្នឹងណា!
-មិនទាន់ចូលគេងទេឬ?
-បើខ្ញុំចូលគេង ខ្ញុំមិនខ្ចីលើកទូរស័ព្ទរបស់និស្ស័យ នោះទេ
-ហត្ថា! ខ្ញុំមានរឿងខ្លះចង់ប្រាប់ហត្ថា។ ខ្ញុំស្រឡាញ់ហត្ថា។ សូមទោសណាដែលខ្ញុំតេមករំខាន។ តែខ្ញុំចង់ឱ្យហត្ថាដឹងថា នេះជាលើកទីពីរហើយ ដែលខ្ញុំសារភាពប្រាប់ហត្ថា។
ខ្ញុំនៅស្ងៀម មិនចង់ឱ្យគេបិទទូរស័ព្ទវិញភ្លាមៗទេ ខ្ញុំក៏នឹកឃើញសួរគេ៖
-ឱ្យខ្ញុំសួរមួយបានទេ តើលុយ៧០$ ដែលឱ្យខ្ញុំលើកមុននោះ និស្ស័យបានមកពីណា? រយៈពេលតែមួយអាទិត្យសោះក៏អាចរកលុយបានច្រើនយ៉ាងនេះ។
-គឺជាលុយដែលបានមកដោយអំពើសុចរិត។ ខ្ញុំមានមិត្តភក្តិម្នាក់ ដែលបងប្រុសរបស់គេរៀនចិត្តវិទ្យាឆ្នាំទី៣ ហើយធ្វើជាអ្នកប្រមូលទិន្នន័យឱ្យអង្គការមួយ។ ខ្ញុំក៏អង្វរគេឱ្យពឹងបងប្រុសគេជួយឱ្យខ្ញុំបានចូលធ្វើការដែរ។ ទីបំផុត គាត់ក៏ហៅខ្ញុំទៅប្រមូលទិន្នន័យនៅខេត្តជាមួយគាត់ មួយថ្ងៃគេឱ្យ១០$ ឯថ្លៃហូបចុក និងស្នាក់នៅគឺខាងអង្គការជាអ្នកចេញទាំងអស់។ ហត្ថា! ស្មានតែលុយនោះ ខ្ញុំបានមកដោយសារតែលួចប្លន់គេមែនទេ?
-មិនមែនទេ។ ខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ។
ខ្ញុំចង់ប្រាប់គេរឿងមួយ តែហាក់ដូចជាហាមាត់មិនរួច តែខ្លាចគេបិទទូរស័ព្ទ ខ្ញុំក៏ដាច់ចិត្តនិយាយ៖
-និស្ស័យ! ចាប់ពីថ្ងៃនេះទៅ មិនចាំបាច់សារភាពប្រាប់ខ្ញុំទៀតទេ?
-ហេតុអី? ហត្ថាស្អប់ខ្ញុំមែនទេ? ខ្ញុំមិនដែលទាមទារឱ្យហត្ថា ស្រឡាញ់ខ្ញុំវិញនោះទេ គ្រាន់តែចង់ឱ្យហត្ថា ទុកខ្ញុំជាមនុស្សល្អម្នាក់ទៅបានហើយ។ ខ្ញុំដឹងថា ខ្ញុំមិនស័ក្តិសមនឹងហត្ថា តែបើហត្ថាធុញទ្រាន់នឹងពាក្យស្រឡាញ់របស់ខ្ញុំ ខ្ញុំនឹងឈប់និយាយវាជារៀងរហូតហើយ តែសូមហត្ថាកុំស្អប់ កុំខឹងខ្ញុំអី តើបានទេ?
-និយាយអីក៏វែងឆ្ងាយម៉្លេះ និស្ស័យ? ខ្ញុំមានបាននិយាយថា ខ្ញុំស្អប់និស្ស័យទេ ខ្ញុំមានបាននិយាយថាខ្ញុំអត់ស្រឡាញ់និស្ស័យទេ។ ត្រឹមនិស្ស័យ សារភាពប្រាប់ខ្ញុំពីរដងនេះ វាគ្រប់គ្រាន់ណាស់ទៅហើយ។
-ហត្ថា! ខ្ញុំមិនយល់ទេ។ ឬមួយក៏ហត្ថា ស្រឡាញ់ខ្ញុំដែរ តើមែនទេ?
-ខ្ញុំបែបនេះហើយនៅមិនយល់ទៀតឬ? បើមិនយល់ទេ មិនបាច់ស្រឡាញ់ខ្ញុំទៀតនោះទេ។
-យល់ៗហើយហត្ថា! ខ្ញុំយល់ហើយ។
ម្តេចក៏អរកខិបកខុបម្ល៉េះ គ្រាន់តែដឹងថាខ្ញុំស្រឡាញ់វិញសោះ។
-បើយល់ហើយ ស្អែកជួបគ្នាណា! ខ្ញុំមិនចូលចិត្តនិយាយទូរស័ព្ទយូរនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពត្រចៀករបស់ខ្ញុំ។
-បាទ! ខ្ញុំស្តាប់តាមហត្ថាទាំងអស់។
យប់នេះ ខ្ញុំប្រាកដជាគេងបានលក់ស្រួលហើយ។ រឿងដែលលាក់ទុកក្នុងចិត្ត ក៏ត្រូវបានបញ្ចេញចេញមក។
មនុស្សភាគច្រើន តែងតែយល់ថា មនុស្សដែលមានសង្សារក្នុងពេលសិក្សាគឺសុទ្ធតែជាមនុស្សមិនល្អ។ ការពិតទៅល្អ ឬមិនល្អ មិនមែនដោយសារតែការមានស្នេហានោះទេ វាអាស្រ័យទៅលើទង្វើរបស់បុគ្គលម្នាក់ៗទេតើ! ខ្ញុំមិនបដិសេធទេ ការដែលអ្នកមានសង្សារមួយចំនួនប្រព្រឹត្តអំពើផ្តេសផ្តាស ក្បត់មនសិការ ក្បត់ប្រពៃណីនោះ តែយើងក៏មិនត្រូវយកចំណុចនេះ ទៅវាយតម្លៃមនុស្សគ្រប់គ្នានោះដែរ។ ខ្ញុំក៏ទទួលស្គាល់ផងដែរថា មានគូសង្សារមួយចំនួនក៏ជាមនុស្សត្រឹមត្រូវ ចេះគោរពគ្នាទៅវិញទៅមក។ ចំពោះខ្ញុំវិញ គឺខ្ញុំចង់បានសេ្នហាប្រភេទទីពីរនេះ។ ស្នេហាពេលខ្លះ ក៏មិនបណ្តាលឱ្យប៉ះពាល់ដល់ការសិក្សានោះដែរ។ ចួនកាលវាមានតែជម្រុញឱ្យភាគីទាំងសងខាងខិតខំរៀនសូត្រ និងមករៀនបានទៀងទាត់ ព្រោះពេលមករៀននឹងបានជួបមុខមនុស្សដែលគេស្រឡាញ់ ហើយខំប្រឹងរៀនមិនឱ្យដៃគូរបស់ខ្លួនមើលងាយ ឬអស់សង្ឃឹមដោយសារយើងឡើយ។ ខ្ញុំនិយាយនេះ តែក៏មិនមែនបានន័យថា បុគ្គលខំប្រឹងរៀនដោយសារតែស្នេហានោះឡើយ តែពេលខ្លះ ស្នេហាក៏ចូលរួមចំណែកខ្លះៗដែរ ៕
No comments:
Post a Comment